YouVersion Logo
Search Icon

កាឡា‌ទី 3

3
ជំនឿ និង​ហ៊ូកុំ
1ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ! 2ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ មក​ពី​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់? 3ម្ដេច​ក៏​បង​ប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បង​ប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​រស‌អុលឡោះ តែ​ឥឡូវ​នេះ​ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ? 4បង​ប្អូន​មាន​ការ​ពិសោធន៍​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ! 5អុលឡោះ​បាន​ប្រទាន​រស‌ទ្រង់​មក​បង​ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សំដែង​អំណាច​ផ្សេងៗ​ក្នុង​ចំណោម​បង​ប្អូន​នោះ តើ​ទ្រង់​ធ្វើ​ដូច្នេះ មក​ពី​បង​ប្អូន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​បង​ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង​ប្អូន​បាន​ស្ដាប់? 6អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ ហើយ​ទ្រង់​រាប់​គាត់​ឲ្យ​បាន​សុចរិត​ដោយ​យល់​ដល់​ជំនឿ​នេះ7ដូច្នេះ​សូម​បង​ប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​អ៊ីព្រហ៊ីម។ 8ក្នុង​គីតាប​មាន​គ្រោង​ទុក​ជា​មុន​ថា អុលឡោះ​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ជំនឿ ហើយ​អ៊ីព្រហ៊ីម​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»9ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ពរ​រួម​ជា​មួយ​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។ 10រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»11មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​អុលឡោះ ដោយ​ពឹង​លើ​ហ៊ូកុំ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»12រីឯ​ហ៊ូកុំ​ខុស​ពី​ជំនឿ​ទាំង​ស្រុង​ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ដ​តាម​សេចក្ដី​ទាំង​នេះ»13ដោយ​អាល់ម៉ា‌ហ្សៀស​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ហ៊ូកុំ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»14ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ពរ​ដែល​អ៊ីព្រហ៊ីម​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ ហើយ​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​អុលឡោះ​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។
ហ៊ូកុំ និង​បន្ទូល​សន្យា​នៃ​អុលឡោះ
15បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។ 16យ៉ាង​ណា​មិញ អុលឡោះ​មាន​បន្ទូល​សន្យា​ដល់​អ៊ីព្រហ៊ីម និង​ដល់​ពូជ‌ពង្ស​របស់​គាត់។ ក្នុង​គីតាប​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​អាល់ម៉ា‌ហ្សៀស។ 17ខ្ញុំ​និយាយ​ដូច្នេះ​ចង់​ពន្យល់​ថា អុលឡោះ​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ រួច​ស្រេច​ហើយ។ រីឯ​ហ៊ូកុំ​ដែល​មក​ដល់ បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​អុលឡោះ​ឡើយ​បើ​ពុំ​នោះ​ទេ បន្ទូល​សន្យា​នៃ​អុលឡោះ​មុខ​ជា​បាត់​ខ្លឹម​សារ​មិន​ខាន។ 18ប្រសិន​បើ​អុលឡោះ​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទៀត​ឡើយ។ ក៏​ប៉ុន្ដែ អុលឡោះ​ប្រទាន​មត៌ក​មក​អ៊ីព្រហ៊ីម ដោយ‌សារ​បន្ទូល​សន្យា​នៃ​ទ្រង់។
19បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។ 20ប៉ុន្ដែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្ដរា‌គមន៍​ឡើយ។ រីឯ​អុលឡោះ​វិញ មាន​តែ​មួយ​ប៉ុណ្ណោះ។
21ដូច្នេះ តើ​បាន​សេចក្ដី​ថា ហ៊ូកុំ​ទាស់​នឹង​បន្ទូល​នៃ​អុលឡោះ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ហ៊ូកុំ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ហ៊ូកុំ​មែន 22ក៏​ប៉ុន្ដែ ក្នុង​គីតាប​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​មត៌ក ស្រប​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។
23មុន​ពេល​ជំនឿ​មក​ដល់​យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ហ៊ូកុំ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ 24ដូច្នេះ​ហ៊ូកុំ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​អាល់ម៉ា‌ហ្សៀស ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ជំនឿ។ 25កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ 26ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។ 27បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ក៏​មាន​អាល់ម៉ា‌ហ្សៀស​នៅ​ជាប់​ជា​មួយ​ដែរ។
28ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។ 29ប្រសិន​បើ​បង​ប្អូន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in