YouVersion Logo
Search Icon

២​ធីម៉ូ‌ថេ 2

2
ទាហាន​ដ៏​ស្មោះ​ត្រង់​របស់​អាល់ម៉ា‌ហ្សៀស
1ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។ 2សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។ 3ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។ 4ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ដ។ 5រីឯ​កីឡាករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។ 6កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។ 7ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​អ៊ីសា‌ជាអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។
8ចូរ​នឹក​ដល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​មាន​ជីវិត​រស់​ឡើង​វិញ គាត់​ជាប់​ញតិ​វង្ស​នឹង​ទត ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។ 9ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់។ រីឯ​បន្ទូល​របស់​អុលឡោះ​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។ 10ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រម​ទាំង​ទទួល​សិរី‌រុង‌រឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នោះ​ដែរ។
11ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថាៈ
ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​អ៊ីសា
យើង​ក៏​នឹង​មាន​ជីវិត​រស់
រួម​ជា​មួយ​គាត់​ដែរ។
12ប្រសិន​បើ​យើង​ស៊ូ​ទ្រាំ
យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​អ៊ីសា។
ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់
គាត់​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់
យើង​វិញ​ដែរ។
13ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់
អ៊ីសា​នៅ​តែ​ស្មោះ​ត្រង់​ដដែល
ដ្បិត​គាត់​ពុំ​អាច​បដិសេធ​គាត់​ផ្ទាល់
បាន​ឡើយ។
អ្នក​បម្រើ​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់
14អ្នក​ត្រូវ​រំលឹក​ដាស់‌តឿន​បង​ប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​អុលឡោះ​ឲ្យ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា អំពី​ពាក្យ‌ពេចន៍​ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្ដរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ 15ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។ 16ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក​ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម​សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ដ​ពាក្យ​ព្រោក​ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​អុលឡោះ​កាន់​តែ​ឆ្ងាយ​ទៅៗ។ 17ពាក្យ​សំដី​របស់​ពួក​គេ ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌ណាស និង​ភី‌លេត។ 18អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង​ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ 19ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​អុលឡោះ​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សំគាល់​ថាៈ
«អុលឡោះ‌ជាអម្ចាស់​ស្គាល់​កូន​ចៅ​របស់​ទ្រង់»
ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​នាម​អុលឡោះ‌ជាអម្ចាស់
អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ​ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»
20នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ​ប្រាស់​ជា​ធម្មតា។ 21ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ អុលឡោះ​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​បរិសុទ្ទ​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។
22ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ដ ជា​មួយ​អស់​អ្នក​ដែល​គោរព​អ៊ីសា‌ជាអម្ចាស់​ដោយ​ចិត្ដ​បរិសុទ្ធ នោះ​វិញ។ 23ចូរ​ចៀស​វាង​ការ​ជជែក​វែក​ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក​ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ 24រីឯ​អ្នក​បម្រើ​របស់​អ៊ីសា‌ជាអម្ចាស់ មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យា‌ស្រ័យ​ដល់​គេ 25ត្រូវ​មាន​ចិត្ដ​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​អុលឡោះ​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ 26ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​អ៊ីព្លេស ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in