២ធីម៉ូថេ 2
2
ទាហានដ៏ស្មោះត្រង់របស់អាល់ម៉ាហ្សៀស
1ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើគុណដែលយើងមានដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។ 2សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។ 3ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់អាល់ម៉ាហ្សៀសអ៊ីសា។ 4ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា ឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។ 5រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ 6កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ 7ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតអ៊ីសាជាអម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។
8ចូរនឹកដល់អ៊ីសាអាល់ម៉ាហ្សៀស ដែលមានជីវិតរស់ឡើងវិញ គាត់ជាប់ញតិវង្សនឹងទត ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ 9ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯបន្ទូលរបស់អុលឡោះវិញ គេពុំអាចចាប់ចងបានឡើយ។ 10ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលអុលឡោះបានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
11ពាក្យនេះគួរឲ្យជឿ គឺថាៈ
ប្រសិនបើយើងរួមស្លាប់ជាមួយអ៊ីសា
យើងក៏នឹងមានជីវិតរស់
រួមជាមួយគាត់ដែរ។
12ប្រសិនបើយើងស៊ូទ្រាំ
យើងនឹងបានគ្រងរាជ្យជាមួយអ៊ីសា។
ប្រសិនបើយើងបដិសេធមិនទទួលស្គាល់គាត់
គាត់ក៏នឹងបដិសេធមិនទទួលស្គាល់
យើងវិញដែរ។
13ប្រសិនបើយើងមិនស្មោះត្រង់
អ៊ីសានៅតែស្មោះត្រង់ដដែល
ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់
បានឡើយ។
អ្នកបម្រើដែលមានចិត្ដស្មោះត្រង់
14អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះឲ្យគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ 15ចូរខំប្រឹងធ្វើយ៉ាងណា ឲ្យបានគាប់ចិត្តអុលឡោះ និងចូលជិតទ្រង់ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។ 16ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្ដពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីអុលឡោះកាន់តែឆ្ងាយទៅៗ។ 17ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និងភីលេត។ 18អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះឲ្យលះបង់ជំនឿ។ 19ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ
«អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់»
ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់
អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។
20នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើប្រាស់ជាធម្មតា។ 21ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ អុលឡោះនឹងប្រើអ្នកនោះទុកដូចជាឧបករណ៍បរិសុទ្ទមានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។
22ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពអ៊ីសាជាអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។ 23ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កឲ្យតែមានជម្លោះប៉ុណ្ណោះ 24រីឯអ្នកបម្រើរបស់អ៊ីសាជាអម្ចាស់ មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ 25ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោអុលឡោះនឹងប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ 26ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់អ៊ីព្លេស ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។
Currently Selected:
២ធីម៉ូថេ 2: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.