ទំនុកដំកើង 148
148
1ចូរសរសើរដល់ព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះយេហូវ៉ា
ពីលើស្ថានសួគ៌
ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
2អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់
អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
3ព្រះអាទិត្យ នឹងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់
អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់
4ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ
ចូរសរសើរដល់ទ្រង់ចុះ
ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ
ទៅទៀតនោះ
5គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា
ដ្បិតទ្រង់បានចេញបង្គាប់
ហើយរបស់ទាំងនោះបានកើតមក
6ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច
ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់
ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
7ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ
នែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ
នឹងទីជំរៅទាំងប៉ុន្មាន
8អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក
ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
9ព្រមទាំងភ្នំធំតូចទាំងអស់
ដើមឈើដែលមានផ្លែ នឹងដើមតាត្រៅទាំងប៉ុន្មាន
10គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារ
នឹងសត្វស្លាប
11អស់ទាំងស្តេចនៅផែនដី នឹងបណ្តាជនទាំងឡាយ
ពួកអ្នកធំៗ នឹងពួកចៅក្រមនៅផែនដី
12ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ
ទាំងចាស់ទាំងក្មេងអើយ
13ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ
ដ្បិតមានតែព្រះនាមទ្រង់១ដែលខ្ពស់ប្រសើរ
សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី នឹងផ្ទៃមេឃទៅទៀត
14ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង
ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់
គឺរបស់ជនជាតិអ៊ីស្រាអែល
ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Currently Selected:
ទំនុកដំកើង 148: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.