YouVersion Logo
Search Icon

ម៉ាកុស 1

1
1នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ 2ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» 3«មាន​សំឡេង​នៃ​មនុស្ស​ម្នាក់​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»។
4ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ទី​រហោ‌ស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប 5ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់‌តួ​បាប​គ្រប់​គ្នា 6យ៉ូហាន​បាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប នឹង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ 7គាត់​ប្រកាស​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង 8ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។
9នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ 10កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក នឹង​ព្រះ‌វិញ្ញាណ​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប 11រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ 12ស្រាប់​តែ​ព្រះ‌វិញ្ញាណ​បង្ខំ​ទ្រង់ ឲ្យ​យាង​ទៅ​ឯ​ទី​រហោ‌ស្ថាន 13ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្ស‌សាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។
14គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា 15ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។
16កាល​ព្រះ‌យេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី 17ទ្រង់​មាន​បន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ 18គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ 19លុះ​ទ្រង់​យាង​ហួស​ពី​នោះ​បន្តិច ក៏​ទត​ឃើញ​យ៉ាកុប ជា​កូន​សេបេដេ នឹង​យ៉ូហាន ជា​ប្អូន នៅ​ក្នុង​ទូក កំពុង​តែ​ជួស‌ជុល​អួន 20ហើយ​ទ្រង់​មាន​បន្ទូល​ហៅ​គេ​មក​ភ្លាម គេ​ក៏​លះ​ចោល​សេបេដេ ជា​ឪពុក នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​ជើង​ឈ្នួល រួច​ដើរ​តាម​ទ្រង់​ទៅ។
21នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក 22គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ពី​សេចក្ដី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ 23រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ថា 24ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះ‌យេស៊ូវ​ពី​ភូមិ​ណា‌សារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ 25ព្រះ‌យេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ 26កាល​អារក្ស‌អសោចិ៍​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ 27អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្ដី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្ស‌អសោចិ៍ ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ 28នោះ​ព្រះ‌នាម​ទ្រង់​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ជា​១​រំពេច​ទួទៅ ពេញ​ក្នុង​ក្រវល់​ជុំ‌វិញ​នៃ​ស្រុក​កាលី‌ឡេ។
29កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន នឹង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ 30ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង 31លុះ​ទ្រង់​យាង​ចូល​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ​បំរើ​ទាំង​អស់​គ្នា 32ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ នឹង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ 33ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ 34ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា នឹង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។
35កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ 36ឯ​ស៊ីម៉ូន នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ គេ​ក៏​ដើរ​តាម​រក​ទ្រង់ 37គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់ 38តែ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក 39ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។
40គ្រា​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន 41ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ 42លុះ​ទ្រង់​មាន​បន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត 43ទ្រង់​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម ដោយ​ហាម​ផ្តាច់​ថា 44ចូរ​ប្រយ័ត កុំ​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ 45ប៉ុន្តែ ដល់​គាត់​បាន​ចេញ​ទៅ​ហើយ នោះ​ក៏​តាំង​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​តែ​ម្តង ហើយ​ផ្សាយ​ដំណឹង​នោះ​សុស‌សាយ​ទួទៅ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង បែប​ឲ្យ​គេ​ឃើញ​ពុំ​បាន​ទៀត គឺ​ទ្រង់​គង់​នៅ​តែ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់​ទាំង​ប៉ុន្មាន​វិញ ហើយ​គេ​ក៏​មក​ឯ​ទ្រង់​ពី​គ្រប់​ទិស‌ទី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy