YouVersion Logo
Search Icon

ម៉ាថាយ 24

24
1កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត 2តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ 3រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប 4ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង 5ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ‌គ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង 6អ្នក​រាល់​គ្នា​នឹង​ឮ​និយាយ​ពី​ចំបាំង នឹង​ដំណឹង​ពី​ចំបាំង នោះ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ 7ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ 8តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ 9គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ 10នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​នឹង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក 11ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ 12រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ 13តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ 14ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។
15ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី ដែល​ហោរា​ដានី‌យ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ) 16នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ 17កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ 18ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ដែរ 19នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ 20ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ 21ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ 22បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង 23គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ 24ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន 25មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន 26ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ 27ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ 28ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។
29ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក 30នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង 31ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។
32ប៉ុន្តែ ចូរ​រៀន​សេចក្ដី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ 33ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង 34ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ 35ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ 36ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន‌សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ 37ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ 38ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ 39គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ 40នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ 41ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ 42ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ‌អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ 43ចូរ​ដឹង​សេចក្ដី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ 44ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។
45ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល 46បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ 47ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ 48ប៉ុន្តែ បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក 49ក៏​តាំង​វាយ‌ដំ​ពួក​គូ‌កន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង 50ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ 51ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់ ទាំង​ឲ្យ​វា​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ផង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy