ម៉ាថាយ 23
23
1គ្រានោះ ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងហ្វូងមនុស្ស ហើយនឹងពួកសិស្សទ្រង់ថា 2ពួកអាចារ្យ នឹងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ 3ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ 4ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង 5គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាកធំៗកត់ក្រិត្យវិន័យ នឹងរំយោលអាវគេឲ្យវែងៗ 6គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ 7ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង 8ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ 9ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌ 10ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ 11តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ 12អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
13វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នកដែលកំពុងតែចូល ឲ្យគេចូលដែរ 14វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត 15វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង 16វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ 17ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ 18ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ 19ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬអាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ 20ដូច្នេះ អ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែលនៅលើអាសនានោះ 21ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ 22ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង 23វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យ វិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង 24ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ 25វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ 26ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ 27វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ 28អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត នឹងសេចក្ដីទទឹងច្បាប់ទទេ 29វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត 30ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកំចាយឈាមពួកហោរាទេ 31ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ 32ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកឰយុកោនៃអ្នករាល់គ្នាចុះ 33ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន 34ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១ 35ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា 36ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។
37ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ 38មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង 39ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ។
Currently Selected:
ម៉ាថាយ 23: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.
Matthew 23
23
1 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅបណ្ដាជន និងពួកសិស្សរបស់ព្រះអង្គ
2 ថា៖ «ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី បានអង្គុយនៅកន្លែងរបស់លោកម៉ូសេ
3 ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើ និងកាន់តាមចុះ ប៉ុន្ដែកុំត្រាប់តាមការប្រព្រឹត្ដិរបស់ពួកគេឡើយ ពីព្រោះពួកគេបានតែនិយាយ ប៉ុន្ដែមិនធ្វើទេ
4 ពួកគេចងបន្ទុកដែលធ្ងន់ និងពិបាកធ្វើតាម ដាក់លើស្មាមនុស្ស តែពួកគេមិនព្រមយកម្រាមដៃរបស់ពួកគេដកបន្ទុកទាំងនោះទេ
5 ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
6 ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង
7 ពួកគេចូលចិត្តឲ្យគេគោរពនៅតាមទីប្រជុំជន និងឲ្យមនុស្សហៅពួកគេថាលោកគ្រូ
8 ប៉ុន្ដែចំពោះអ្នករាល់គ្នាវិញ កុំឲ្យគេហៅថា គ្រូ ដ្បិតគ្រូរបស់អ្នករាល់គ្នាមានតែម្នាក់គត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា
9 កុំហៅនរណាម្នាក់នៅលើផែនដីនេះថាជាឪពុករបស់អ្នករាល់គ្នា ព្រោះឪពុករបស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺនៅស្ថានសួគ៌
10 ហើយក៏កុំឲ្យគេហៅថាម្ចាស់ដែរ ដ្បិតម្ចាស់របស់អ្នករាល់គ្នាមានតែម្នាក់គត់ គឺព្រះគ្រិស្ដ
11 អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នានឹងត្រលប់ជាអ្នកបម្រើអ្នករាល់គ្នាវិញ
12 ព្រោះអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ។
13 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងចូលនោះចូលទៀតផង។
14 វេទនាដល់អ្នករាល់គ្នា ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ហេតុនេះអ្នករាល់គ្នានឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ។
15 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីធ្វើឲ្យមនុស្សម្នាក់ត្រលប់ជាអ្នកកាន់សាសនា រួចពេលគេត្រលប់ជាអ្នកកាន់សាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេត្រលប់ជាអ្នកធ្លាក់នរក លើសអ្នករាល់គ្នាទ្វេដង
16 វេទនាដល់អ្នករាល់គ្នាហើយ អ្នកនាំផ្លូវកង្វាក់អើយ! ដ្បិតអ្នករាល់គ្នានិយាយថា អ្នកណាស្បថនឹងព្រះវិហារ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថហើយ។
17 មនុស្សកង្វាក់ល្ងង់អើយ! តើមួយណាវិសេសជាង ជាមាស ឬជាព្រះវិហារ ដែលធ្វើឲ្យមាសទៅជាបរិសុទ្ធ?
18 ហើយថា អ្នកណាស្បថនឹងកន្លែងថ្វាយតង្វាយ សម្បថនោះគ្មានន័យទេ តែអ្នកណាស្បថនឹងតង្វាយលើកន្លែងថ្វាយតង្វាយ អ្នកនោះជាប់សម្បថហើយ
19 មនុស្សកង្វាក់អើយ! តើមួយណាវិសេសជាង ជាតង្វាយ ឬកន្លែងថ្វាយតង្វាយ ដែលធ្វើឲ្យតង្វាយទៅជាបរិសុទ្ធ?
20 ដូច្នេះ អ្នកដែលស្បថនឹងកន្លែងថ្វាយតង្វាយ គឺស្បថនឹងកន្លែងថ្វាយតង្វាយ ព្រមទាំងរបស់ទាំងអស់នៅលើនោះហើយ
21 ឯអ្នកដែលស្បថនឹងព្រះវិហារ គឺស្បថនឹងព្រះវិហារ ព្រមទាំងព្រះអង្គដែលគង់ក្នុងនោះហើយ
22 អ្នកណាស្បថនឹងស្ថានសួគ៌ គឺស្បថនឹងបល្ល័ង្កព្រះជាម្ចាស់ ព្រមទាំងព្រះអង្គដែលគង់នៅលើនោះហើយ។
23 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ទាំងជីរអង្កាម ជីរនាងវង និងម្អម ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែសនឹងភាពសំខាន់ជាងនេះនៅក្នុងគម្ពីរវិន័យ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងជំនឿ សេចក្ដីទាំងនេះចាំបាច់ត្រូវតែធ្វើ ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីទាំងនេះដែរ។
24 អ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាស្រង់មូស ប៉ុន្ដែលេបអូដ្ឋទៅវិញ។
25 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសំអាតពែង និងចានដែលនៅខាងក្រៅ ឯខាងក្នុងវិញពេញដោយការលោភលន់ និងការបណ្ដោយតាមតណ្ហារបស់ខ្លួន
26 ពួកអ្នកខាងគណៈផារិស៊ីដ៏កង្វាក់អើយ! ចូរសំអាតខាងក្នុងពែងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
27 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែលលាបពណ៌សពីខាងក្រៅ មើលទៅពិតជាស្អាតមែន ប៉ុន្ដែខាងក្នុងពេញដោយឆ្អឹងខ្មោច និងភាពស្មោកគ្រោកគ្រប់បែបយ៉ាង
28 ហើយអ្នករាល់គ្នាក៏ដូច្នោះដែរ នៅចំពោះមុខមនុស្សមើលទៅសុចរិតពីខាងក្រៅមែន ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាពេញដោយពុតត្បុត និងសេចក្តីទុច្ចរិត។
29 វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារីស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់អ្នកនាំព្រះបន្ទូល រួចតុបតែងស្ដូបរបស់ពួកមនុស្សសុចរិត
30 ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ
31 ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល
32 ចូរអ្នករាល់គ្នាសម្រេចអ្វីៗដែលដូនតារបស់អ្នករាល់គ្នាបានធ្វើចុះ។
33 ឱពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការជំនុំជម្រះឲ្យធ្លាក់នរកយ៉ាងដូចម្ដេចបាន?
34 ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតីនៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេ ពីក្រុងមួយដល់ក្រុងមួយ។
35 ដូច្នេះ ឈាមរបស់មនុស្សសុចរិតទាំងអស់ដែលត្រូវបានកម្ចាយនៅលើផែនដីនេះមុខជាធ្លាក់មកលើអ្នករាល់គ្នាមិនខាន ចាប់ពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់ឈាមរបស់លោកសាការី ជាកូនរបស់លោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះព្រះវិហារ និងកន្លែងថ្វាយតង្វាយ។
36 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សេចក្ដីទាំងអស់នេះនឹងធ្លាក់មកលើមនុស្សជំនាន់នេះ។
37 ឱក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
38 មើល៍ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានទុកចោលស្ងាត់ជ្រងំ
39 ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេចាប់ពីពេលនេះតទៅ រហូតទាល់តែអ្នករាល់គ្នានិយាយថា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់»។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.