ម៉ាថាយ 24
24
1កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត 2តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ 3រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប 4ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង 5ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង 6អ្នករាល់គ្នានឹងឮនិយាយពីចំបាំង នឹងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ 7ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ 8តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ 9គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ 10នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនឹងស្អប់គ្នាទៅវិញទៅមក 11ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ 12រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ 13តែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ 14ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។
15ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដី ដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) 16នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ 17កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ 18ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ 19នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ 20ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ 21ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ 22បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង 23គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ 24ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន 25មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន 26ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ 27ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ 28ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។
29ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក 30នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង 31ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
32ប៉ុន្តែ ចូររៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ 33ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង 34ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ 35ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ 36ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ 37ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ 38ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ 39គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ 40នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ 41ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ 42ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ 43ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ 44ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
45ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល 46បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ 47ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់ 48ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក 49ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង 50ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ 51ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
Currently Selected:
ម៉ាថាយ 24: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.
Matthew 24
24
1 កាលព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។
2 ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
3 កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
4 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ
5 ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយថា ខ្ញុំនេះហើយជាព្រះគ្រិស្ដ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
6 អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់ទេ
7 ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង
8 ទាំងអស់នេះជាការចាប់ផ្តើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន
9 បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
10 នៅពេលនោះ មនុស្សជាច្រើននឹងជំពប់ដួល ពួកគេក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក។
11 អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
12 ព្រោះតែសេចក្ដីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ
13 តែអ្នកដែលស៊ូទ្រាំដល់ទីបំផុត អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
14 ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។
15 ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។
16 នៅពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ
17 ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
18 កុំឲ្យអ្នកនៅស្រែចម្ការបកក្រោយទៅយកអាវគាត់ឲ្យសោះ។
19 នៅគ្រានោះ ពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់។
20 ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬថ្ងៃសប្ប័ទឡើយ
21 ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
22 ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
23 នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នករាល់គ្នាថា មើល៍នែ ព្រះគ្រិស្ដនៅទីនេះ ឬនៅទីនោះ ចូរកុំជឿឲ្យសោះ
24 ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
25 មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនរួចហើយ
26 ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ
27 ដ្បិតកូនមនុស្សនឹងមកដូចជាផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតដល់ទិសខាងលិច
28 ទីណាមានសាកសព សត្វត្មាតប្រមូលផ្ដុំគ្នានៅទីនោះ។
29 ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាម ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ។
30 នៅពេលនោះ ទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ឯកុលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខ ហើយពួកគេនឹងឃើញកូនមនុស្សមក នៅលើពពកនាអាកាសប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
31 លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នក ដែលលោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត។
32 ចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ហើយស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
33 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ។
34 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន។
35 ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
36 ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា
37 ដ្បិតនៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។
38 សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ
39 គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។
40 នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ
41 ឯស្ដ្រីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។
42 ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
43 ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ
44 ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។
45 ដូច្នេះ តើអ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ ហើយឆ្លាត ដែលចៅហ្វាយបានតែងតាំងឲ្យមើលខុសត្រូវលើបាវបម្រើនៅក្នុងផ្ទះ ដើម្បីចែកអាហារឲ្យពួកគេតាមពេលវេលា?
46 មានពរហើយ បាវបម្រើណាដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើយ៉ាងដូច្នោះ
47 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់
48 ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ នោះវាគិតក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកណាស់
49 នោះវាក៏ចាប់ផ្ដើមវាយបាវបម្រើឯទៀតៗជាគូកនរបស់វា ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹក
50 ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ
51 ចៅហ្វាយនឹងកាត់វាជាពីរកំណាត់ រួចដាក់វាឲ្យនៅរួមជាមួយនឹងពួកមនុស្សមានពុត ហើយនៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.