YouVersion Logo
Search Icon

លូកា 24

24
1លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប ដែល​រៀបចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ 2គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ 3តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​ទេ 4កំពុង​ដែល​មាន​សេចក្ដី​ងឿង‌ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀក‌ពាក់​ភ្លឺ‌ព្រោង‌ព្រាយ ឈរ​ជិត​គេ 5គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ 6ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​បន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ​ថា 7កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ 8នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​ទ្រង់ 9លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ នឹង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ 10រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង 11ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ​នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ 12តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។
13រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចំងាយ​១១​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ 14គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ 15កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះ‌គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ 16តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ 17ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ 18ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ 19ទ្រង់​មាន​បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ នឹង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ នឹង​បណ្តាជន​ទាំង‌ឡាយ​ផង 20ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ នឹង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង 21តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក 22ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម 23តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ 24មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ 25នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ 26តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី 27រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​ដំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង‌ឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ នឹង​គម្ពីរ​ពួក​ហោរា​រៀង​មក 28នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស 29តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ 30កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ 31នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម 32នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​យើង ហើយ​សំដែង​ពី​គម្ពីរ តាម​ផ្លូវ​នោះ​ទេ​ឬ​អី 33នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឃើញ​ពួក​សាវក​១១​នាក់ នឹង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា កំពុង​តែ​និយាយ​ថា 34ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ 35នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។
36កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ចុះ 37តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ 38ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ 39ចូរ​មើល​មក​ដៃ​នឹង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ 40លុះ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ព្រះ‌បាទ​ទ្រង់​ដល់​គេ 41កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ 42គេ​ក៏​យក​ត្រី​អាំង​១​ដុំ នឹង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់ 43រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ 44ក៏​មាន​បន្ទូល​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង 45នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ‌ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ 46ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ 47ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ 48អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ 49ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះវរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។
50នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេថានី រួច​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ 51កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះវរ‌បិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ 52គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង 53ក៏​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ។ អាម៉ែន។:៚

Currently Selected:

លូកា 24: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy