លេវីវិន័យ 21
21
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់ នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ 2លើកតែដោយព្រោះសាច់ញាតិដែលជិតដិតចេញ គឺម្តាយ ឬឪពុក ឬកូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ 3ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ 4ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ 5មិនត្រូវឲ្យគេធ្វើឲ្យទំពែកនៅលើក្បាល ឬកាត់ដំរឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ 6ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយដង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ 7គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ 8ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ 9បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវានឹងភ្លើងទៅ។
10ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ 11ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ 12មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា 13ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ 14មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ 15ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
16ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ 17ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងដំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ 18ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា 19ឬមនុស្សណាកំពួរជើងដៃ 20ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច 21អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះមិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ 22អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងដង្វាយបរិសុទ្ធ នឹងដង្វាយបរិសុទ្ធបំផុតផង 23ប៉ុន្តែអ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះ ជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ 24ដូច្នេះម៉ូសេក៏ប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ហើយដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
Currently Selected:
លេវីវិន័យ 21: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.