យ៉ាកុប 1:12-25
យ៉ាកុប 1:12-25 ពគប
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។ កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់។ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យត្រូវបំភាន់ឡើយ គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្ដីសុចរិតរបស់ព្រះទេ បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម៉្លេះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម តែអ្នកណាដែលភិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្ដីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។