YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 48

48
1ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ 2មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រាអែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។ 3ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ 4ដោយ​បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ្តិ៍‌អាករ​ដល់​គេ​នៅ​អស់​‌កល្ប​ជានិច្ច 5រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម​នឹង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន​នឹង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ 6តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ 7ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។
8អ៊ីស្រាអែល​គាត់​ឃើញ​កូន​យ៉ូសែប ក៏​សួរ​ថា តើ​អ្នក​ណា​នេះ 9រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា 10រីឯ​អ៊ីស្រាអែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា 11រួច​គាត់​និយាយ​ទៅ​យ៉ូសែប​ថា អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង 12នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី 13យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រាអែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រាអែល 14នោះ​អ៊ីស្រាអែល​គាត់​លូក​ដៃ​ស្តាំ​ទៅ​ដាក់​លើ​ក្បាល​អេប្រា‌អិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ម៉ាន៉ាសេ​វិញ ទោះ​បើ​ម៉ាន៉ាសេ​ជា​កូន​ច្បង​ក៏​ដោយ គាត់​ធ្វើ​ដៃ​ដូច្នេះ ដោយ​មាន​គំនិត​យល់​ជាក់ 15រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ​ដែល​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 16គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី 17កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ 18ដោយ​ពាក្យ​ថា មិន​ត្រូវ​ទេ លោក​ឪពុក​អើយ ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​លោក​ឪពុក​លើ​ក្បាល​វា​វិញ 19តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ 20នៅ​ថ្ងៃ​នោះ​ឯង គាត់​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​២​ថា អ៊ីស្រាអែល​នឹង​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​ដោយ‌សារ​ឯង ដោយ​ថា សូម​ព្រះ‌ទ្រង់​ប្រោស​ឲ្យ​ឯង​បាន​ដូច​ជា​អេប្រា‌អិម​នឹង​ម៉ាន៉ាសេ​ចុះ ដូច្នេះ គាត់​បាន​លើក​អេប្រា‌អិម​ឲ្យ​ធំ​ជាង​ម៉ាន៉ាសេ 21នោះ​អ៊ីស្រាអែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​ឰយុកោ​ឯង​វិញ 22មួយ​ទៀត ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​យក​ពី​ដៃ​នៃ​ពួក​សាសន៍​អាម៉ូរី ដោយ​ដាវ នឹង​ធ្នូ​របស់​អញ នោះ​អញ​បាន​ចែក​១​ចំណែក​ដល់​ឯង​លើស​ជាង​បង​ប្អូន​ឯង​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy