YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 35

35
1រួច​មក​ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ ត្រូវ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឯ​ឯង ក្នុង​កាល​ដែល​ឯង​រត់​ចេញ​ពី​អេសាវ​បង​ឯង 2នោះ​យ៉ាកុប​គាត់​ប្រាប់​ដល់​ពួក​គ្រួ​គាត់ នឹង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ថា ចូរ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា​ចេញ រួច​សំអាត​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់​ឯង​ចុះ 3ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ អញ​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ ដែល​ទ្រង់​បាន​ឆ្លើយ​មក​អញ ក្នុង​កាល​ដែល​អញ​មាន​សេចក្ដី​វេទនា ហើយ​បាន​គង់​ជា​មួយ​នឹង​អញ​តាម​ផ្លូវ​ដែល​អញ​ដើរ​ដំណើរ​មក 4នោះ​គេ​ក៏​ប្រគល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ដៃ​គេ ព្រម​ទាំង​កាវ​ទាំង​អស់​ដែល​នៅ​ត្រចៀក​គេ​ដល់​យ៉ាកុប រួច​គាត់​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ស៊ីគែម 5គេ​ក៏​ធ្វើ​ដំណើរ​ទៅ ឯ​គ្រប់​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ទាំង‌ឡាយ ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ជា​ខ្លាំង គេ​មិន​បាន​ដេញ​តាម​ពួក​កូន​យ៉ាកុប​ទេ។
6យ៉ាកុប នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ទៅ​ដល់​លូស ដែល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ជា​បេត-អែល 7នៅ​ទី​នោះ គាត់​ស្អាង​អាសនា​១ រួច​ដាក់​ឈ្មោះ​ទី​នោះ​ថា អែល-បេត-អែល ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ព្រះ​ទ្រង់​បាន​លេច​មក​ឯ​គាត់ ក្នុង​កាល​ដែល​គាត់​រត់​ពី​បង​ទៅ 8គ្រា​នោះ ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង​នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។
9កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ‌ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់ 10ទ្រង់​មាន​បន្ទូល​ថា ឯង​មាន​ឈ្មោះ​ថា យ៉ាកុប តែ​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ដូច្នេះ​ទ្រង់​បាន​ដាក់​ឈ្មោះ​ថា អ៊ីស្រាអែលឲ្យ​គាត់ 11រួច​ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ចូរ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង នឹង​មាន​សាសន៍១ គឺ​សាសន៍​ជា​ច្រើន​រួម​គ្នា​តែ​១​កើត​ពី​ឯង​មក ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​ចេញ​ពី​ឯង​ដែរ 12ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​អ័ប្រា‌ហាំ នឹង​អ៊ីសាក នោះអញ​នឹង​ឲ្យ​ដល់​ឯង គឺ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពួក​ឯង​ត​រៀង​ទៅ 13ព្រះ‌ទ្រង់​ក៏​ហោះ​ឡើង ចេញ​ពី​គាត់ នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់​ទៅ 14រួច​យ៉ាកុប​យក​ថ្ម​១​បញ្ឈរ​ឡើង ជា​បង្គោល​ត្រង់​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​នឹង​គាត់​នោះ ហើយ​ច្រួច​ដង្វាយ​ច្រួច​ពី​លើ ព្រម​ទាំង​ចាក់​ប្រេង​ផង 15គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។
16រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក 17កាល​នាង​កំពុង​តែ​សំរាល​កូន​ដោយ​ពិបាក​ដូច្នេះ នោះ​ឆ្មប​ប្រាប់​ថា កុំ​ខ្លាច​អី ដ្បិត​នាង​បាន​កូន​ប្រុស​១​ទៀត 18តែ​កាល​ព្រលឹង​កំពុង​តែ​ចេញ​ពី​នាង​ទៅ ដ្បិត​នាង​ត្រូវ​ស្លាប់ នោះ​នាង​ឲ្យ​កូន​ឈ្មោះ​ថា បេន-អូនី តែ​ឪពុក​ហៅ​ថា បេន-យ៉ាមីន​វិញ 19រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​កប់​នាង​តាម​ផ្លូវ​ទៅ​ឯ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម 20យ៉ាកុប​គាត់​បញ្ឈរ​បង្គោល​ថ្ម​១​នៅ​លើ​ផ្នូរ​សព​នាង គឺ​ជា​បង្គោល​ផ្នូរ​សព​របស់​រ៉ាជែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
21រួច​អ៊ីស្រាអែល គាត់​ដើរ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ប៉ម​អេឌើរ 22កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​និយាយ។
រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់ 23ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១ 24កូន​របស់​នាង​រ៉ាជែល គឺ​យ៉ូសែប​១ នឹង​បេន‌យ៉ាមីន​១ 25កូន​របស់​នាង​ប៊ីលហា​ជា​បាវ​ស្រី​រ៉ាជែល នោះ​គឺ​ដាន់​១ នឹង​ណែប‌ថាលី​១ 26កូន​របស់​នាង​ស៊ីលផា​ជា​បាវ​ស្រី​លេអា នោះ​គឺ​កាឌ់​១ នឹង​អេស៊ើរ​១ នោះ​ជា​កូន​ប្រុស​របស់​យ៉ាកុប​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ឡើង​ឲ្យ​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម។
27យ៉ាកុប​ក៏​ទៅ​ដល់​អ៊ីសាក ជា​ឪពុក​នៅ​ម៉ាមរេ​ជា​ទី​ក្រុង​របស់​អើបា គឺ​ជា​ហេប្រុន ជា​កន្លែង​ដែល​អ័ប្រា‌ហាំ នឹង​អ៊ីសាក​បាន​សំណាក់​នៅ 28ឯ​អ៊ីសាក​គាត់​បាន​អាយុ​១៨០​ឆ្នាំ​ហើយ 29នោះ​ក្នុង​កាល​ដែល​ចាស់‌ជរា ហើយ​ស្កប់​ចិត្ត​នឹង​អាយុ​ខ្លួន​ផង អ៊ីសាក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់ រួច​អេសាវ នឹង​យ៉ាកុប​ជា​កូន​ក៏​បញ្ចុះ​សព​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy