YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 29

29
1យ៉ាកុប​ក៏​ដើរ​ដំណើរ ទៅ​ដល់​ស្រុក​របស់​ពួក​មនុស្ស​ពី​ទិស​ខាង​កើត 2គាត់​ក្រឡេក​មើល​ទៅ​ឃើញ​អណ្តូង​១​នៅ​ទី​វាល ក៏​ឃើញ​មាន​ចៀម​៣​ហ្វូង​ដេក​នៅ​ត្រង់​នោះ ដ្បិត​គេ​ធ្លាប់​តែ​ឲ្យ​ហ្វូង​សត្វ​ផឹក​ទឹក​នៅ​ទី​អណ្តូង​នោះ តែ​ថ្ម​ដែល​គ្រប​មាត់​អណ្តូង​ធំ​ណាស់ 3គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ទី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។
4ឯ​យ៉ាកុប​គាត់​សួរ​គេ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នៅ​ស្រុក​ណា គេ​ឆ្លើយ​ថា យើង​នៅ​ខារ៉ាន 5រួច​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ស្គាល់​ឡាបាន់ ជា​កូន​ណាឃរ​ឬ​ទេ គេ​ឆ្លើយ​ថា ស្គាល់​ដែរ 6គាត់​សួរ​ថា គាត់​សុខ​សប្បាយ​ជា​ទេ​ឬ គេ​ក៏​ឆ្លើយ​ថា ជា​ទេ នុ៎ះន៏ រ៉ាជែល​ជា​កូន​គាត់​កំពុង​តែ​នាំ​ចៀម​មក 7យ៉ាកុប​និយាយ​ថា ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​មែន​ជា​វេលា​ឲ្យ​ហ្វូង​សត្វ​ប្រជុំ​គ្នា​ទេ ចូរ​ឲ្យ​វា​ផឹក ហើយ​នាំ​ទៅ​ឲ្យ​ស៊ី​ទៀត​ទៅ 8តែ​គេ​ឆ្លើយ​ថា មិន​កើត​ទេ ទាល់​តែ​ហ្វូង​ចៀម​ទាំង​អស់​បាន​មូល​មក​ព្រម ហើយ​បាន​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ នោះ​ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន។
9កាល​គាត់​កំពុង​និយាយ​នឹង​គេ​នៅ​ឡើយ នោះ​រ៉ាជែល​នាង​នាំ​ហ្វូង​ចៀម​របស់​ឪពុក​មក​ដល់ ដ្បិត​គឺ​នាង​ហើយ​ដែល​ជា​អ្នក​ឃ្វាល 10កាល​យ៉ាកុប​ក្រឡេក​ឃើញ​រ៉ាជែល​ជា​កូន​ឡាបាន់​ឪពុក​ធំ​គាត់ នោះ​គាត់​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​ឡាបាន់​ឪពុក​ធំ​ផឹក 11យ៉ាកុប​ក៏​ថើប​រ៉ាជែល រួច​ឡើង​សំឡេង​យំ 12នោះ​យ៉ាកុប​ប្រាប់​រ៉ាជែល​ថា ខ្លួន​ជា​បង​ប្អូន​នឹង​ឪពុក​នាង គឺ​ជា​កូន​រេបិកា រួច​នាង​ក៏​រត់​ទៅ​ប្រាប់​ដល់​ឪពុក 13កាល​ឡាបាន់​បាន​ឮ​និយាយ​ពី​យ៉ាកុប ជា​កូន​របស់​ប្អូន​ខ្លួន នោះ​គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ យ៉ាកុប​ក៏​សា‌សព្ទ​សេចក្ដី​ទាំង​នោះ​ប្រាប់​ដល់​ឡាបាន់ 14ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។
15ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី 16រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល 17នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់ 18ឯ​យ៉ាកុប​គាត់​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ហើយ​ក៏​និយាយ​ថា ខ្ញុំ​សូម​នៅ​បំរើ​ឪពុក​ធំ​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល​ជា​កូន​ពៅ​របស់​លោក 19ឡាបាន់​តប​ថា អើ ដែល​អញ​ឲ្យ​វា​ដល់​ឯង នោះ​ល្អ​ជា​ជាង​ឲ្យ​ដល់​គេ ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​អញ​ចុះ 20យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។
21រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង 22ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ 23ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង 24ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា 25លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ 26ឡាបាន់​ឆ្លើយ​ថា នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​ឲ្យ​ប្អូន​មុន​បង​ដូច្នោះ​ទេ 27ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត 28យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គាត់​នៅ​គ្រប់​១​អាទិត្យ​ជា​មួយ​នឹង​លេអា រួច​ឡាបាន់​ឲ្យ​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ាកុប​ទៀត 29ហើយ​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ខ្លួន​ទៅ​បំរើ​រ៉ាជែល​ដែរ 30យ៉ាកុប​ក៏​ចូល​ទៅ​ឯ​រ៉ាជែល ហើយ​ស្រឡាញ់​នាង​ជាង​លេអា រួច​គាត់​នៅ​បំរើ​ឡាបាន់​៧​ឆ្នាំ​ទៀត។
31ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា យ៉ាកុប​ស្អប់​លេអា នោះ​ទ្រង់​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន តែ​រ៉ាជែល​នាង​មាន​ពោះ​អារ​វិញ 32លេអា​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា រូបេន ដោយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​នេះ​ហើយ ឥឡូវ​នេះ ប្ដី​អញ​នឹង​ស្រឡាញ់​ដល់​អញ 33នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឮ​ថា​គាត់​ស្អប់​អញ បាន​ជា​ទ្រង់​ប្រទាន​កូន​នេះ​មក​អញ​ទៀត នាង​ឲ្យ​ឈ្មោះ​ថា ស៊ីម្មាន 34រួច​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត នោះ​នាង​គិត​ថា ឥឡូវ​ប្ដី​អញ​មុខ​ជា​ចូល​ចិត្ត​នឹង​អញ​ម្តង​ណេះ​ហើយ ដ្បិត​អញ​បាន​បង្កើត​កូន​ប្រុស​៣​ឲ្យ​គាត់ ដូច្នេះ នាង​ក៏​ឲ្យ​ឈ្មោះ​ថា លេវី 35នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នាង​គិត​ថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ហេតុ​នោះ​បាន​ជា​នាង​ឲ្យ​ឈ្មោះ​ថា យូដា នោះ​នាង​ក៏​ផ្អាក​មាន​កូន​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy