YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 25

25
1អ័ប្រា‌ហាំ​គាត់​ក៏​យក​ប្រពន្ធ​១​ទៀត ឈ្មោះ​កិទូរ៉ា 2នាង​នោះ​បង្កើត​កូន​ឲ្យ​គាត់ គឺ​សីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ នឹង​ស៊ូអា 3ឯ​យ៉ុកសាន​គាត់​បង្កើត​បាន​សេបា​នឹង​ដេដាន់ ឯ​កូន​ចៅ​ដាន់ គឺ​ពួក​អាសស៊ើរ ពួក​លេទូស នឹង​ពួក​លេវមី 4ឯ​ពួក​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា នឹង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។
5អ័ប្រា‌ហាំ គាត់​ប្រគល់​របស់​ទ្រព្យ​ទាំង​អស់ ឲ្យ​ដល់​អ៊ីសាក 6តែ​បាន​ចែក​អំណោយ​ខ្លះ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ចុង​គាត់​ដែរ រួច​ក៏​ឲ្យ​គេ​ចាក​ចេញ​ពី​អ៊ីសាក​កូន​គាត់​ទៅ​ឯ​ស្រុក​ខាង​កើត​វិញ ក្នុង​កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ 7រីឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ័ប្រា‌ហាំ ដែល​គាត់​រស់​នៅ​រួម​ទាំង​អស់​បាន​១៧៥​ឆ្នាំ 8កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ 9រួច​អ៊ីសាក នឹង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ 10ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ។
11ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ នោះ​ព្រះ‌ទ្រង់​ប្រទាន​ពរ​ឲ្យ​អ៊ីសាក​ជា​កូន​គាត់ អ៊ីសាក​ក៏​នៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។
12នេះ​ជា​ដំណ​វង្ស​ពី​អ៊ីស‌ម៉ាអែល ជា​កូន​អ័ប្រា‌ហាំ​ដែល​ហាការ​សាសន៍​អេស៊ីព្ទ ជា​បាវ​ស្រី​របស់​សារ៉ា​បាន​បង្កើត​ឲ្យ​គាត់ 13ហើយ​នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល តាម​ឈ្មោះ តាម​ដំណ​គេ កូន​ច្បង​របស់​អ៊ីស‌ម៉ាអែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយ​កេតម៉ា 16នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ាអែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅហ្វាយ​១២​នាក់ តាម​សាសន៍​គេ 17ឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ៊ីស‌ម៉ាអែល​ទាំង​អស់​បាន​១៣៧​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់​វិញ 18ឯ​ពូជ​គាត់​ទាំង​នោះ​គេ​អាស្រ័យ​នៅ ចាប់​តាំង​ពី​ហាវីឡា​រហូត​ដល់​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ គាត់​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​នៃ​ពួក​បង​ប្អូន​គាត់​ទាំង​អស់​គ្នា។
19ហើយ​នេះ​ជា​ដំណ​វង្ស​ពី​អ៊ីសាក ជា​កូន​អ័ប្រា‌ហាំ គឺ​អ័ប្រា‌ហាំ​បាន​បង្កើត​អ៊ីសាក 20ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ 21អ៊ីសាក​គាត់​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដំណើរ​ប្រពន្ធ​គាត់ ពី​ព្រោះ​នាង​ជា​ស្ត្រី​អារ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ទទួល​ព្រម​តាម រួច​នាង​ក៏​មាន​ទំងន់ 22ឯ​កូន​ក្នុង​ផ្ទៃ​នាង​វា​ប្រធាក់​គ្នា នាង​ក៏​និយាយ​ថា បើ​ដូច្នេះ តើ​នឹង​កើត​មាន​ជា​ដូច​ម្តេច​ទៅ រួច​នាង​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា 23ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ថា មាន​នគរ​២​នៅ​ក្នុង​ផ្ទៃ​ឯង គឺ​នឹង​មាន​សាសន៍​២​ចេញ​ពី​ពោះ​ឯង​មក សាសន៍​១​នឹង​បាន​ខ្លាំង​ជាង​សាសន៍​១ គឺ​កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន។
24លុះ​នាង​គ្រប់​ខែ​ហើយ នោះ​មើល មាន​កូន​ភ្លោះ​តាំង​នៅ​ក្នុង​ផ្ទៃ​នាង 25កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ 26បន្ទាប់​នោះ កូន​ប្អូន​ក៏​ចេញ​មក ទាំង​មាន​ដៃ​កាន់​កែង‌ជើង​អេសាវ នោះ​គេ​ឲ្យ​ឈ្មោះ​ថា​យ៉ាកុប ឯ​អ៊ីសាក​គាត់​មាន​អាយុ​៦០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​នាង​បង្កើត​កូន​មក 27កូន​ទាំង​២​នោះ​ក៏​ធំ​ឡើង អេសាវ​បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ត្រសាល​វិញ 28អ៊ីសាក​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​អេសាវ ដោយ​ព្រោះ​ធ្លាប់​បាន​បរិភោគ​សាច់​ក្តាន់​របស់​គាត់ ឯ​រេបិកា នាង​ស្រឡាញ់​យ៉ាកុប​វិញ។
29សម័យ​១​យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ 30ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ 31តែ​យ៉ាកុប​និយាយ​ថា សូម​ឲ្យ​បង​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​ខ្ញុំ​សិន 32នោះ​អេសាវ​ឆ្លើយ​ថា បង​ស្លាប់​ឥឡូវ​ហើយ ដូច្នេះ​តើ​អំណាច​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ទៀត 33យ៉ាកុប​ក៏​និយាយ​ថា ចូរ​ស្បថ​ឲ្យ​ខ្ញុំ​ឥឡូវ​ចុះ រួច​គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​អំណាច​នោះ​ឲ្យ​ដល់​យ៉ាកុប​ទៅ 34យ៉ាកុប​ក៏​ឲ្យ​នំបុ័ង នឹង​សំឡ​សណ្តែក‌បាយ​ដល់​អេសាវ គាត់​ក៏​បរិភោគ រួច​ក្រោក​ដើរ​ចេញ​បាត់​ទៅ អេសាវ​បាន​មើល‌ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy