YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 14

14
1នៅ​ជំនាន់​អាំរ៉ា‌ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡាសារ កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ នឹង​ធីដាល​ជា​ស្តេច​កូយីម 2នោះ​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុំម ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា សេមេប៊ើ​ជា​ស្តេច​ក្រុង​សេបោម ហើយ​នឹង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ 3ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​នៅ​វាល​ច្រក​ស៊ីឌីម គឺ​ជា​សមុទ្រ​អំបិល 4គេ​បាន​ចុះ​ចូល​កេដូ‌ឡោមើរ​អស់​១២​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​១៣​ក៏​នាំ​គ្នា​បះ‌បោរ​វិញ 5លុះ​ដល់​ឆ្នាំ​ទី​១៤​កេដូ‌ឡោមើរ ហើយ​អស់​ទាំង​ស្តេច​ដែល​នៅ​ជា​មួយ​ក៏​មក​វាយ​ពួក​រេផែម នៅ​ត្រង់​អាស‌ថារ៉ូត-កើណែម នឹង​ពួក​ស៊ូស៊ីម​នៅ​ត្រង់​ស្រុក​ហាំ ពួក​អេមីម នៅ​ត្រង់​វាល​គារ‌យ៉ា‌ថែម 6ហើយ​ពួក​ហូរី​នៅ​ក្នុង​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ខាង​ទី​រហោ‌ស្ថាន 7រួច​គេ​វិល​មក​ឯ​អេន-មីសផាត គឺ​ជា​កាដេស ក៏​វាយ​ស្រុក​អាម៉ា‌លេក​ទាំង​អស់ នឹង​ពួក​អាម៉ូរី​ដែល​នៅ​ហាសា‌សូន-តាម៉ារ​ដែរ។
8ស្តេច​ក្រុង​សូដុំម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម នឹង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ក៏​នាំ​គ្នា​ចេញ​ទៅ​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ទាំង​នោះ នៅ​ត្រង់​វាល​ច្រក​ស៊ីឌីម 9គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ នឹង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ 10ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម នឹង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ​ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ 11រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ 12ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។
13មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម 14កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់ 15គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស 16រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី​នឹង​មនុស្ស​ទាំង​អស់​ផង។
17កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ នឹង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច 18ហើយ​ម៉ិល‌គីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​មក ពី​ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត 19ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី 20ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។
21ឯ​ស្តេច​ក្រុង​សូដុំម​ក៏​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឲ្យ​តែ​មនុស្ស​មក​ខ្ញុំ​បាន​ហើយ ឯ​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន ចូរ​យក​ទុក​ជា​របស់​ផង​អ្នក​ចុះ 22តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា 23ទូលបង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗ​របស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន 24សូម​យក​តែ​របស់​ណា​ដែល​ពួក​បាវ​បំរើ​បាន​ទទួល​ទាន​ទៅ​ហើយ​ប៉ុណ្ណោះ ឯ​ចំណែក​ពួក​មនុស្ស​ដែល​បាន​ចេញ​ទៅ​ជា​មួយ​នឹង​ទូលបង្គំ​នេះ គឺ​អាន់នើរ អែស‌កុល នឹង​ម៉ាមរេ នោះ​ឲ្យ​គេ​យក​ចំណែក​របស់​គេ​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy