និក្ខមនំ 15
15
បទចម្រៀងរបស់លោកម៉ូសេ
1បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖
«ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា
ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់
ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ
ទៅក្នុងសមុទ្រ។
2ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ
ហើយជាទំនុកដែលខ្ញុំច្រៀង
ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ
ជាព្រះនៃឪពុករបស់ខ្ញុំ
ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
3ព្រះយេហូវ៉ាជាអ្នកចម្បាំង
ព្រះអង្គមានព្រះនាមថាព្រះយេហូវ៉ា។
4ព្រះអង្គបានបោះអស់ទាំងរទេះ
និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ
ពួកមេទ័ពជម្រើសរបស់ស្ដេច
ក៏បានលង់ក្នុងសមុទ្រក្រហម ។
5ទឹកសមុទ្របានគ្របគេបាត់
គេបានធ្លាក់ចុះទៅដល់បាតសមុទ្រ ដូចជាដុំថ្ម។
6ឱព្រះយេហូវ៉ាអើយ
ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស
ឱព្រះយេហូវ៉ាអើយ
ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។
7ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ
ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ
ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ
សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។
8ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ
ទឹកក៏ឈរឡើងជាគំនរ
ទឹកធំបានពូនឡើងដូចកំផែង
អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។
9ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម
អញនឹងបានទាន់ អញនឹងចែករបឹប
អញនឹងបំពេញចិត្តដោយសារគេ
អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។
10តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ
នោះសមុទ្របានគ្របគេបាត់
គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។
11ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ
តើមានអ្នកណា
ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ
ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
12ព្រះអង្គបានលើកព្រះហស្តស្តាំឡើង
នោះផែនដីក៏ស្រូបគេបាត់ទៅ។
13ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នោះព្រះអង្គបាននាំប្រជារាស្ត្រ
ដែលព្រះអង្គបានប្រោសលោះ
គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធដោយព្រះបារមី។
14គ្រប់ទាំងសាសន៍បានឮ ហើយញាប់ញ័រ
ឯសាសន៍ភីលីស្ទីនក៏មានសេចក្ដីភ័យខ្លាច។
15ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង
ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ
ហើយមនុស្សទាំងអស់
ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។
16សេចក្ដីស្ញែងខ្លាច
និងសេចក្ដីថប់បារម្ភគ្របសង្កត់លើគេ
គេបានទៅជាគ ដូចជាថ្ម
ដោយសារភាពអស្ចារ្យនៃព្រះពាហុរបស់ព្រះអង្គ
រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត
ឱព្រះយេហូវ៉ាអើយ
គឺទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។
17ឱព្រះយេហូវ៉ាអើយ
ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ
ជាមត៌ករបស់ព្រះអង្គ
ជាកន្លែងដែលព្រះអង្គរៀបចំទុក
ជាទីលំនៅរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ
ដែលព្រះហស្តព្រះអង្គបានសាង។
18ព្រះយេហូវ៉ានឹងសោយរាជ្យជារៀងរហូត
អស់កល្បជានិច្ច»។
19ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលសេះរបស់ស្ដេចចូលទៅក្នុងសមុទ្រ ហើយព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែកូនចៅអ៊ីស្រាអែលបានដើរកណ្ដាលសមុទ្រ តាមដីគោកវិញ។
ចម្រៀងរបស់លោកស្រីម៉ារាម
20ពេលនោះ ហោរាម៉ារាម បងស្រីរបស់លោកអើរ៉ុន យកក្រាប់មកកាន់នៅដៃ ហើយស្ត្រីទាំងអស់ក៏ចេញទៅតាម ទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេង។ 21លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖
«ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់
ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ
ទៅក្នុងសមុទ្រ»។
ទឹកល្វីងប្រែទៅជាទឹកសាប
22បន្ទាប់មក លោកម៉ូសេក៏នាំពួកអ៊ីស្រាអែលចេញពីសមុទ្រក្រហម ហើយគេធ្វើដំណើរចូលទៅទីរហោស្ថានស៊ើរ។ គេដើរក្នុងទីរហោស្ថានអស់បីថ្ងៃ ហើយមិនឃើញមានទឹកសោះ។ 23កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីង ហេតុនោះហើយបានជាគេហៅកន្លែងនោះថា "ម៉ារ៉ា" ។ 24បណ្ដាជនក៏ត្អូញត្អែរដាក់លោកម៉ូសេថា៖ «តើយើងបានអ្វីផឹក?» 25លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាក៏បង្ហាញឲ្យលោកឃើញឈើមួយកំណាត់ លោកបោះឈើនោះទៅក្នុងទឹក ហើយទឹកក៏ត្រឡប់ទៅជាសាបវិញ។
នៅទីនោះ ព្រះយេហូវ៉ាបានធ្វើច្បាប់ និងបញ្ញត្តិសម្រាប់គេ ហើយព្រះអង្គក៏ល្បងលគេដែរ។ 26ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
27បន្ទាប់មក គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹកដប់ពីរ មានដើមលម៉ើចិតសិបដើម ហើយគេក៏បោះជំរំនៅទីនោះ ក្បែរមាត់ទឹក។
Kasalukuyang Napili:
និក្ខមនំ 15: គកស១៦
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2016 United Bible Societies