ណាពីសាការីយ៉ា 11
11
ការវិនាសរបស់មហាអំណាច
1ស្រុកលីបង់អើយ
ចូរបើកចំហទ្វាររបស់អ្នក!
ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗ
របស់អ្នកទៅ!
2ដើមកកោះអើយ
ចូរស្រែកឲ្យអស់ទំហឹងទៅ
ដ្បិតដើមតាត្រៅរលំហើយ!
ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!
ដើមគគីរនៅស្រុកបាសានអើយ
ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ
ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
3ចូរស្ដាប់សំរែកថ្ងូររបស់ពួកមេដឹកនាំ
ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។
ចូរស្ដាប់សំរែករបស់សិង្ហស្ទាវ
ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន
ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
អ្នកគង្វាលពីរនាក់
4 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ មានបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ 5អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរគុណអុលឡោះតាអាឡា ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។ 6យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកំទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
7ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។ 8ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។ 9ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ! 10ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ 11សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាមានបន្ទូលតាមរយៈខ្ញុំមែន។
12ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹងឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ 13អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងដំណាក់របស់អុលឡោះតាអាឡាទុកសម្រាប់ជាងស្មូន។ 14បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រអែល។
15 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាអ្នកគង្វាលដ៏ល្ងីល្ងើទៀតទៅ! 16ដ្បិតយើងធ្វើឲ្យមានអ្នកគង្វាលមួយនាក់ងើបឡើងនៅក្នុងស្រុក។ អ្នកគង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
17អ្នកគង្វាលពាលមុខជាត្រូវវេទនាពុំខាន!
ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។
សូមឲ្យដាវកាប់បំបាក់ដៃ
និងចាក់ចំភ្នែកស្ដាំរបស់គេ!
សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន
ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។
Kasalukuyang Napili:
ណាពីសាការីយ៉ា 11: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.