១កូរិនថូស 13
13
សេចក្ដីស្រឡាញ់
1ទោះបី ខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ម៉ាឡាអ៊ីកាត់ក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ 2ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ 3ទោះបីខ្ញុំយកទ្រព្យសម្បត្តិ របស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដឲ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
4អ្នកមានចិត្ដស្រឡាញ់តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតបំប៉ាងឡើយ។ 5អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ 6មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ 7អ្នកមានចិត្ដស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
8សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងបន្ទូលនៃអុលឡោះមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ 9សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងបន្ទូលនៃអុលឡោះ បានត្រឹមតែមួយផ្នែកប៉ុណ្ណោដែរ។ 10លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ 11កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។ 12សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
13ឥឡូវនេះ មានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។
Aktualisht i përzgjedhur:
១កូរិនថូស 13: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.