ជនគណនា 8
8
ចង្កៀងទាំងប្រាំពីរ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់អើរ៉ុនថា ពេលអ្នកដាក់ចង្កៀង ត្រូវឲ្យចង្កៀងទាំងប្រាំពីរភ្លឺនៅមុខជើងចង្កៀង»។ 3អើរ៉ុនក៏បានធ្វើដូច្នោះ គឺលោកដាក់ចង្កៀងឲ្យភ្លឺនៅមុខជើងចង្កៀង ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ 4ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់ពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកលោកម៉ូសេ លោកក៏បានធ្វើជើងចង្កៀងយ៉ាងដូច្នោះ ។
ពិធីញែកចេញជាបរិសុទ្ធ និងការងាររបស់ពួកលេវី
5ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 6«ចូរយកពួកលេវីចេញពីកូនចៅអ៊ីស្រាអែល ហើយធ្វើពិធីជម្រះគេឲ្យបានស្អាត។ 7អ្នកត្រូវធ្វើពិធីសម្អាតគេយ៉ាងដូច្នេះ គឺត្រូវប្រោះទឹកសម្អាតពួកគេឲ្យបានបរិសុទ្ធ ត្រូវឲ្យគេយកកាំបិតកោររោមនៅលើខ្លួនរបស់គេទាំងមូល ត្រូវបោកសម្លៀកបំពាក់ ហើយត្រូវជម្រះខ្លួនឲ្យបានស្អាតផង។ 8បន្ទាប់មក ត្រូវឲ្យគេយកគោឈ្មោលស្ទាវមួយ និងតង្វាយម្សៅ គឺម្សៅម៉ដ្ត លាយជាមួយប្រេង ហើយយកគោឈ្មោលស្ទាវមួយទៀត សម្រាប់ជាតង្វាយលោះបាប។ 9អ្នកត្រូវនាំពួកលេវីមកខាងមុខត្រសាលជំនុំ ហើយប្រមូលផ្ដុំក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល។ 10ពេលអ្នកនាំពួកលេវីមកដាក់នៅចំពោះព្រះយេហូវ៉ា ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃលើគេ 11ហើយអើរ៉ុនត្រូវថ្វាយពួកលេវី ទុកជាតង្វាយគ្រវីរបស់កូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា។ 12ពួកលេវីត្រូវដាក់ដៃលើក្បាលគោទាំងពីរ ហើយ ត្រូវថ្វាយមួយជាតង្វាយលោះបាប និងមួយទៀតជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីរំដោះពួកលេវីឲ្យរួចពីបាប។ 13បន្ទាប់មក អ្នកត្រូវឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់លោក ហើយអ្នកត្រូវថ្វាយគេទុកជាតង្វាយគ្រវីដល់ព្រះយេហូវ៉ា។ 14អ្នកត្រូវញែកពួកលេវីចេញពីកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ 15ក្រោយនោះមក ពួកលេវីត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ គឺក្រោយពីអ្នកបានសម្អាតគេ ហើយបានថ្វាយគេជាតង្វាយគ្រវីរួចហើយ។ 16ដ្បិតយើងបានញែកគេទាំងស្រុងជារបស់យើង ពីចំណោមកូនចៅអ៊ីស្រាអែលហើយ យើងបានទទួលគេជារបស់យើង ជាស្នងអស់ទាំងកូនច្បងដែលកើតពីពោះម្តាយ គឺអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល។ 17ដ្បិតអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល ជាចំណែករបស់យើង គឺទាំងមនុស្សទាំងសត្វ។ នៅថ្ងៃដែលយើងបានវាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ នោះយើងបានញែកគេជាបរិសុទ្ធ ទុកសម្រាប់យើង 18ប៉ុន្តែ យើងបានយកពួកលេវី ជាស្នងអស់ទាំងកូនច្បង ក្នុងចំណោមកូនចៅអ៊ីស្រាអែល។ 19ម្យ៉ាងទៀត យើងបានយកពួកលេវី ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនរបស់គាត់ ដើម្បីបម្រើការងារសម្រាប់កូនចៅអ៊ីស្រាអែលនៅក្នុងត្រសាលជំនុំ ហើយធ្វើពិធីរំដោះកូនចៅអ៊ីស្រាអែលឲ្យរួចពីបាប ដើម្បីកុំឲ្យមានគ្រោះកាចណា ព្រោះតែគេចូលជិតទីបរិសុទ្ធនោះឡើយ»។
20លោកម៉ូសេ អើរ៉ុន និងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ក៏បានធ្វើចំពោះពួកលេវី ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺប្រជាជនអ៊ីស្រាអែលបានធ្វើដូច្នោះចំពោះពួកលេវី។ 21ពួកលេវីបានធ្វើពិធីសម្អាតខ្លួនពីបាប ហើយបានបោកសម្លៀកបំពាក់របស់ខ្លួនដែរ រួចលោកអើរ៉ុនក៏បានថ្វាយគេជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយធ្វើពិធីលោះបាបឲ្យពួកគេ ដើម្បីឲ្យពួកគេបានស្អាត។ 22ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់ស្ដីអំពីពួកលេវី គឺគេបានធ្វើដូច្នោះចំពោះគេ។
23ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ 24«នេះជាមុខងាររបស់ពួកលេវី គឺចាប់ពីអាយុម្ភៃប្រាំឆ្នាំឡើងទៅ គេត្រូវចាប់ផ្ដើមបំពេញមុខងារបម្រើនៅក្នុងត្រសាលជំនុំ 25ហើយចាប់ពីអាយុហាសិបឆ្នាំទៅ គេត្រូវឈប់ពីការងារបម្រើ ហើយមិនត្រូវបម្រើទៀតឡើយ។ 26គេអាចជួយបងប្អូនរបស់ខ្លួននៅក្នុងត្រសាលជំនុំបាន ក្នុងការអនុវត្តន៍ការងាររបស់គេ តែមិនត្រូវធ្វើការងារទេ។ អ្នកត្រូវតម្រូវការងារដល់ពួកលេវីយ៉ាងនេះឯង»។
Dewis Presennol:
ជនគណនា 8: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies