និក្ខមនំ 25
25
តង្វាយសម្រាប់រោងឧបោសថ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។ 3នេះជាតង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន 4ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ 5ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន 6ប្រេងសម្រាប់ដុតបំភ្លឺ គ្រឿងក្រអូបសម្រាប់ប្រេងលាបតាំង និងគ្រឿងក្រអូបសម្រាប់ដុត 7ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាងសម្រាប់ដាំនៅអេផូឌ និងសម្រាប់ប្រដាប់បាំងដើមទ្រូង។ 8រួចឲ្យគេសង់ទីបរិសុទ្ធមួយឲ្យយើង ដើម្បីឲ្យយើងបានស្នាក់នៅកណ្ដាលពួកគេ។ 9អ្នកត្រូវធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលយើងបង្ហាញ»។
ហិបនៃសេចក្តីសញ្ញា
10គេត្រូវធ្វើហិបមួយពីឈើនាងនួន បណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ 11ត្រូវស្រោបដោយមាសសុទ្ធ គឺអ្នកត្រូវស្រោប ទាំងខាងក្នុងទាំងខាងក្រៅ ហើយត្រូវធ្វើគែមមាសព័ទ្ធជុំវិញលើហិបនោះ។ 12ត្រូវសិតធ្វើកងមាសបួនសម្រាប់ហិប ដាក់ភ្ជាប់នៅគ្រប់ទាំងបួនជ្រុង គឺម្ខាងពីរៗ។ 13ត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 14ត្រូវស៊កឈើស្នែងទៅក្នុងកងនៅជ្រុងហិបនោះ ដើម្បីសែងហិប។ 15ឈើស្នែងនោះត្រូវនៅជាប់នឹងកងហិប មិនត្រូវដកចេញឡើយ។ 16ត្រូវដាក់បន្ទះថ្មនៃសេចក្ដីសញ្ញា ដែលយើងនឹងឲ្យដល់អ្នកទៅក្នុងហិបនោះ។
17ត្រូវធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ បណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ។ 18ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីមពីរ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ។ 19គឺធ្វើរូបចេរូប៊ីមមួយនៅចុងម្ខាង ហើយចេរូប៊ីមមួយនៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីមទាំងពីរឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស។ 20ត្រូវឲ្យចេរូប៊ីមទាំងពីរត្រដាងស្លាបពីលើគម្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស។ 21ត្រូវដាក់ទីសន្តោសប្រោសនៅលើគម្របហិប ហើយដាក់សេចក្ដីសញ្ញាដែលយើងនឹងឲ្យដល់អ្នកទៅក្នុងហិប។ 22យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
តុសម្រាប់ដាក់តាំងនំប៉័ង
23ត្រូវធ្វើតុមួយពីឈើនាងនួន បណ្តោយពីរហត្ថ ទទឹងមួយហត្ថ ហើយកម្ពស់មួយហត្ថកន្លះ។ 24ត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញ។ 25ត្រូវធ្វើគែមតុកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសភ្ជាប់នឹងគែមព័ទ្ធជុំវិញផង។ 26ត្រូវធ្វើកងមាសបួនសម្រាប់តុ ហើយដាក់ភ្ជាប់កងទាំងនោះ ទៅនឹងជ្រុងទាំងបួន ត្រង់ជើងតុទាំងបួន។ 27កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ 28ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបដោយមាសផង ឈើស្នែងទាំងនេះគឺសម្រាប់សែងតុ។ 29ត្រូវធ្វើថាស ផ្ទិល ប៉ាន់ និងពែងសម្រាប់តុនោះ ដើម្បីប្រើសម្រាប់តង្វាយច្រូច ហើយត្រូវធ្វើពីមាសសុទ្ធទាំងអស់។ 30ត្រូវដាក់នំបុ័ងតាំងទុកនៅលើតុនោះ នៅចំពោះយើងជានិច្ច។
ជើងចង្កៀង
31ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។ 32ត្រូវមានមែកប្រាំមួយបែកចេញមកពីតួកណ្ដាល គឺជើងចង្កៀងម្ខាងមានមែកបី ហើយជើងចង្កៀងម្ខាងទៀតក៏មានមែកបីដែរ 33នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។ 34នៅតួជើងចង្កៀងត្រូវមាននប់បួន រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កាផង។ 35នៅក្រោមមែកពីរ ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយដែរ មែកទាំងប្រាំមួយដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់។ 36កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាន ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធភ្ជាប់ជាមួយគ្នា។ 37ត្រូវធ្វើចង្កៀងប្រាំពីរសម្រាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ។ 38ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ។ 39ត្រូវយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងអស់នោះ។ 40ត្រូវប្រយ័ត្នធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញអ្នកនៅលើភ្នំ។
Dewis Presennol:
និក្ខមនំ 25: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies