YouVersion Logo
Search Icon

នេហេមា 1

1
លោក​នេហេ‌មា​ទូល‌អង្វរ​ឲ្យ​ជន‌ជាតិ​យូដា
1នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។
នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច 2មាន​បងប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ 3អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កម្ទេច​ដែរ។
4ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូល‌អង្វរ​ព្រះ​នៃ​ស្ថាន​បរម‌សុខ។ 5ខ្ញុំ​ទូល​ព្រះអង្គ​ដូច​ត​ទៅ:
«បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ 6សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ព្រម​ទាំង​ទត​មើល​មក​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​កំពុង​តែ​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ទូលបង្គំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ 7យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ប្រទាន​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ។ 8 សូម​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ 9 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សម្តែង​នាម​យើង​នេះ​វិញ​ដែរ”។ 10យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។ 11បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy