YouVersion Logo
Search Icon

មីកា 1

1
1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។
ព្រះ‌បន្ទូល​ព្រមាន​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា
2ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់!
ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ
ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់!
ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា
ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
3 ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មក
ព្រះអង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។
4ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទា
ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ
ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង
ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។
5ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប
និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។
តើ​នរណា​នាំ​ឲ្យ​កូន​ចៅ
របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
គឺ​ក្រុង​សាម៉ារី!
តើ​នរណា​នាំ​ឲ្យ​យូដា​គោរព
ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់?
គឺ​ក្រុង​យេរូ‌សាឡឹម!
6យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរ
យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ
ទម្លាក់​ទៅ​ក្នុង​ជ្រោះ
ហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។
7រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែក
គ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យក
មក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។
យើង​នឹង​កម្ទេច​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់
រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារ
ដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃ
ស្រី​ពេស្យា។
8ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេង
ខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេ
ខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប
9ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ
ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា
និង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម
ជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។
10កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ
ហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។
កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌អាប្រា
ឲ្យ​សោះ។
11អ្នក​ស្រុក​សា‌ភៀរ​អើយ
ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!
អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។
អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខ
ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់
អ្នក​រាល់​គ្នា​បាន​ទេ។
12អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គល
ដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះ
មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។
13អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!
អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន
ឲ្យ​ប្រព្រឹត្ត​អំពើ​បាប
ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល
ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។
14ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពី
ប្រជា‌ជន​នៅ​ក្រុង​ម៉ូរ៉ា‌ស៊ីត-‌កាថ។
ចំណែក​ឯ​អ្នក​ក្រុង​អាក់‌ស៊ីប​វិញ
គេ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ខក​ចិត្ត។
15អ្នក​ស្រុក​ម៉ារី‌សា​អើយ
ព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក
មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែល
នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។
16អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ
ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក
ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត
ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក
ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។

Currently Selected:

មីកា 1: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy