YouVersion Logo
Search Icon

យ៉ូហាន 6

6
ព្រះ‌យេស៊ូ​ប្រទាន​នំប៉័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧)
1បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។ 2មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះអង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។ 3ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។
4ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។ 5ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះអង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។ 6ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះអង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។ 7លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។ 8មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះអង្គ​ថា៖ 9«នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។ 10ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។ 11ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ព្រះអង្គ​ប្រទាន​ឲ្យ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។ 12លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ កុំ​ឲ្យ​បាត់​មួយ​ដុំ​សោះ​ឡើយ»។ 13ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំប៉័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 14កាល​មនុស្ស‌ម្នា​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​នោះ ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន» ។ 15ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះអង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះអង្គ​ឯង។
ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)
16លុះ​ដល់​ល្ងាច ពួក​សិស្ស*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។ 17គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ 18ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។ 19កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 20ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី»។ 21ពួក​សិស្ស​ចង់​យាង​ព្រះអង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។
ព្រះ‌យេស៊ូ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត
22ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស*​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។ 23ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស​ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំប៉័ង ក្រោយ​ពី​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ។ 24កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម តាម​រក​ព្រះអង្គ។
25បណ្ដា‌ជន​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។ 26ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ 27កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ​ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។ 28គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។ 29ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក»។ 30គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ? 31 បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។ 32ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា 33ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ 34គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។ 35ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ 36ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ 37អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត 38ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ 39រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ 40ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។
41ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។ 42គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ 43ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ 44ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ 45 ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ 46សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។ 47ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ 48ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ 49បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ 50រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។ 51ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំ ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។
52ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។
53ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ 54អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ 55សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ 56អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ 57ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះអង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។ 58អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច»។
59ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។ 60ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ 61ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ? 62ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា? 63មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ 64ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ 65ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​ឡើយ»។ 66ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។ 67ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ 68 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ 69យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។ 70ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។ 71ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy