YouVersion Logo
Search Icon

កាឡាទី 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ​គ្រិស្ត និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 2ខ្ញុំ និង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡាទី។ 3សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​ដល់​បងប្អូន។ 4ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។ 5សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!
ដំណឹង‌ល្អ​មាន​តែ​មួយ​គត់
6ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត 7តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ប៉ុណ្ណោះ។ 8ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរម‌សុខ*​ក្ដី នាំ​ដំណឹង‌ល្អ​ណា​ផ្សេង​មក​ប្រាប់​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បងប្អូន សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ទៅ​ចុះ! 9ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!។
10ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត​ទៀត​ហើយ!។
អំពី​ព្រះ‌យេស៊ូ​នាំ​លោក​ប៉ូល​ឲ្យ​ស្គាល់​ព្រះអង្គ
11បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បងប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ 12រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*​ឯ‌ណោះ ដែល​បាន​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់។
13 បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ក្រុម‌ជំនុំ​នេះ​ទៀត​ផង។ 14 ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។
15 ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌គុណ​របស់​ព្រះអង្គ។ 16នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ ឡើយ។ 17ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។
18 បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ 19ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ 20សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បងប្អូន​នេះ​ឥត​កុហក​ទេ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។
21បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា 22តែ​ក្រុម‌ជំនុំ​នានា​ដែល​ជឿ​ព្រះ‌គ្រិស្ត​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។ 23បងប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀត‌បៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ​អំពី​ជំនឿ ដែល​គាត់​ចង់​កម្ទេច​ពី​មុន​នោះ​ទៅ​វិញ!”។ 24គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy