YouVersion Logo
Search Icon

កូឡូស 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ដែល​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ និង​លោក​ធីម៉ូថេ 2សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* និង​បងប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រិស្ត នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។
ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​ទូល‌អង្វរ​របស់​លោក​ប៉ូល
3យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា‌អម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បងប្អូន 4ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រិស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ 5ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បងប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ* 6ដែល​បាន​មក​ដល់​បងប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បងប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។ 7 បងប្អូន​បាន​ទទួល​ការ​អប់រំ​នេះ​ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រិស្ត​សម្រាប់​បងប្អូន។ 8គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បងប្អូន។
9ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បងប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បងប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។ 10សូម​ឲ្យ​បងប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បងប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បងប្អូន​ធ្វើ ហើយ​បងប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ 11សូម​ឲ្យ​បងប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។
12ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។ 13ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ 14 ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះអង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។
15ព្រះ‌គ្រិស្ត​ជា​តំណាង​ របស់​ព្រះ‌ជា‌ម្ចាស់
ដែល​យើង​មើល​ពុំ​ឃើញ
ព្រះអង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់
ដែល​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​មក
16ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​អ្វីៗ
សព្វ​សារពើ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែនដី
ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ
ទាំង​ទេវ‌រាជ​
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង
ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​ទាំង​អស់​មក
ដោយ‌សារ​ព្រះ‌គ្រិស្ត
និង​សម្រាប់​ព្រះ‌គ្រិស្ត។
17ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា
ដោយ‌សារ​ព្រះអង្គ​ដែរ។
18 ព្រះអង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះអង្គ
គឺ​ក្រុម‌ជំនុំ*
ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់
ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​
ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
19ដ្បិត​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ
គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ
ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រិស្ត។
20 ព្រះ‌ជា‌ម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់
នៅ​លើ​ផែនដី និង​នៅ​ស្ថាន​បរម‌សុខ
ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ
ដោយ‌សារ​ព្រះ‌គ្រិស្ត និង​សម្រាប់​ព្រះ‌គ្រិស្ត
គឺ​ព្រះ‌ជា‌ម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព
ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត
នៅ​លើ​ឈើ​ឆ្កាង។
21ចំពោះ​បងប្អូន​វិញ ពី​ដើម បងប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះអង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បងប្អូន។ 22ប៉ុន្តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ* ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ 23ប៉ុន្តែ បងប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បងប្អូន​មាន​តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។
កិច្ចការ​ដ៏​លំបាក​របស់​លោក​ប៉ូល
24ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បងប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជា​ក្រុម‌ជំនុំ*។ 25ខ្ញុំ​បាន​ទទួល​មុខងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បងប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​បាន​សព្វ​គ្រប់។ 26នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​ស្គាល់។ 27ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ​នេះ ស្គាល់​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះអង្គ។ 28ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ 29ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់ ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

Currently Selected:

កូឡូស 1: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy