YouVersion Logo
Search Icon

រ៉ូម 3

3
1ដូច្នេះ តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​កាត់​ស្បែក​មាន​សារ‌ប្រយោជន៍​យ៉ាង​ណា​ដែរ? 2សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះ‌ជា‌ម្ចាស់​បាន​ប្រគល់​ព្រះ‌បន្ទូល​មក​ឲ្យ​សាសន៍​យូដា។ 3បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះអង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​លែង​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ? 4 មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្តី ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា:
«ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ព្រះអង្គ​សុចរិត
ឥត​ល្អៀង​ក្នុង​ព្រះ‌បន្ទូល​សោះ​ឡើយ
ហើយ​ព្រះអង្គ​នឹង​មាន​ជ័យ‌ជម្នះ
នៅ​ពេល​គេ​កាត់​ក្តី​ព្រះអង្គ»​ ។
5ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ‌ជា‌ម្ចាស់​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះអង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។ 6មិន​ដូច្នោះ​ទេ! ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​មិន​សុចរិត តើ​ឲ្យ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?
7មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​សច្ចៈ​ របស់​ព្រះ‌ជា‌ម្ចាស់ លេច​ចេញ​មក​យ៉ាង​ច្បាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ? 8បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!
គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ទេ
9បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា 10 ដូច​មាន​ចែង​ទុក​មក​ថា៖
«គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង
11 គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ
គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។
12 មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង
ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់
ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា
គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»​ ។
13 «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច
នៅ​បើក​ចំហ
អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ
បោក​បញ្ឆោត
មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក»
14 «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ
អពមង្គល និង​ពាក្យ​ជូរ​ចត់»
15 «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម
16 គេ​ទៅ​កន្លែង​ណា
កន្លែង​នោះ​ខ្ទេច‌ខ្ទី​អន្តរាយ​អស់។
17 គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិ‌ភាព​ទេ»​ ។
18 «គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់
សោះ​ឡើយ»​ ។
19យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ 20 ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។
ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត
21ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។ 22 ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ 23គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​ របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ 24តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​ ។ 25ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ឲ្យ​ព្រះ‌យេស៊ូ​ធ្វើ​ជា​យញ្ញ‌បូជា សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ព្រះអង្គ​បង្ហាញ​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ពី​ដើម ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប 26ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដើម្បី​សម្តែង​ថា​ព្រះអង្គ​សុចរិត ហើយ​ព្រះអង្គ​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​សុចរិត​ផង​ដែរ។
27ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ 28ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ 29បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ! តើ​ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ផង​ដែរ​ទេ​ឬ? មែន! ព្រះអង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ។ 30 មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ប្រោស​សាសន៍​យូដា​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។ 31ដូច្នេះ តើ​មាន​ន័យ​ថា យើង​យក​ជំនឿ​មក​លុប​បំបាត់​ក្រឹត្យ‌វិន័យ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​រឹត​តែ​មាន​តម្លៃ​ថែម​ទៀត។

Currently Selected:

រ៉ូម 3: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy