ទំនុកតម្កើង 108
108
ខ្ញុំដាស់ព្រះអាទិត្យឲ្យរះឡើង
បទចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1ឱព្រះជាម្ចាស់អើយ ទូលបង្គំ
ត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង អស់ពីដួងចិត្ត!
2ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង!
ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ
3ឱព្រះអម្ចាស់អើយ
ទូលបង្គំនឹងលើកតម្កើង
ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង
ថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
4ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
5ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង
ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចែងចាំងនៅលើផែនដីទាំងមូល!
6សូមយាងមកសង្គ្រោះយើងខ្ញុំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់
របស់ព្រះអង្គបានរួចជីវិត!
7ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈ
របស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជម្នះ
យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត
ចែកប្រជារាស្ដ្ររបស់យើង។
8កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយយូដាជាដំបងរាជ្យរបស់យើង។
9ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម
ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាម
ប្រឆាំងនឹងស្រុកភីលីស្ទីន!»។
10តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង
ដ៏រឹងមាំបាន?
តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?
11ឱព្រះជាម្ចាស់អើយ!
មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ព
យើងខ្ញុំទៀតហើយ។
12សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់
នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក
ឥតប្រយោជន៍អ្វីសោះ។
13បើព្រះជាម្ចាស់គង់នៅជាមួយយើង
នោះយើងនឹងមានជ័យជម្នះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត
របស់យើងឲ្យរាប។#១០៨.១៣ ខ ១-៥ នៃទំនុកតម្កើង ១០៨ នេះ មានឃ្លាស្រដៀងគ្នានឹង ទំន. ៥៧.៧-១១ហើយពី ខ ៦-១៣ ដូចគ្នានឹង ទំន. ៦០.៥-១២។
Currently Selected:
ទំនុកតម្កើង 108: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.