YouVersion Logo
Search Icon

ម៉ាកុស 2

2
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)
1ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ។ 2មាន​មនុស្ស​យ៉ាង​ច្រើន​មក​មូល​ផ្ដុំ​គ្នា​កក‌កុញ គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​គ្មាន​សល់​ដែរ។ ព្រះ‌យេស៊ូ​ថ្លែង​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្ដាប់។ 3មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។ 4ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ‌យេស៊ូ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះអង្គ​គង់ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។ 5កាល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ! ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ»។ 6ពួក​អាចារ្យ​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ 7«ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះអង្គ​បែប​នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​នរណា​អាច​អត់‌ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប​បាន!»។ 8ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ? 9បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? 10ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​នេះ រួច​ពី​បាប​បាន»។ ព្រះអង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ 11«ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ 12មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ​ស្នែង​របស់​ខ្លួន ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ‌អស្ចារ្យ​ណា​មួយ​ដូច​ពេល​នេះ​ឡើយ!»។
ព្រះ‌យេស៊ូ​ត្រាស់​ហៅ​លោក​លេវី
(ម៉ាថាយ ៩.៩-១៣ លូកា ៥.២៧-៣២)
13ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ម្ដង​ទៀត។ បណ្ដា‌ជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​បង្រៀន​ពួក​គេ។ 14កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។
15បន្ទាប់​មក ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះអង្គ និង​ពួក​សិស្ស*។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះអង្គ។ 16ពួក​អាចារ្យ​ពី​គណៈ​ផារី‌ស៊ី*​ឃើញ​ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។ 17ព្រះ‌យេស៊ូ​បាន​ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។
អំពី​ការ​តម​អាហារ
(ម៉ាថាយ ៩.១៤-១៧ លូកា ៥.៣៣-៣៨)
18ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ 19ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​ឡើយ។ 20ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។ 21ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។ 22ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។
ព្រះ‌យេស៊ូ​មាន​អំណាច​លើ​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.១-៨; លូកា ៦.១-៥)
23 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះអង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។ 24ពួក​ខាង​គណៈ​ផារី‌ស៊ី*​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។ 25 ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិ‌ភោគ។ 26 នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិ‌ភោគ​ទៀត​ផង។ តាម​ច្បាប់* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិ‌ភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។ 27ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។ 28ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy