YouVersion Logo
Search Icon

ម៉ាថាយ 7

7
កុំ​ថ្កោល​ទោស​អ្នក​ដទៃ
(លូកា ៦.៣៧-៣៨, ៤១-៤២)
1«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា 2 បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។ 3ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បងប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ? 4បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បងប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​អ្នក!” 5មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន។
6កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​ឲ្យ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។
អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន
(លូកា ១១.៩-១៣)
7«ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន 8ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ 9ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំប៉័ង មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​ឲ្យ​វា​ឡើយ 10ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិ‌រពិស​ឲ្យ​វា​ដែរ។ 11សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត!»។
ទ្វារ​ចង្អៀត
(លូកា ១៣.២៤)
12 «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។
13ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ 14រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។
ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៤)
15«ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។ 16អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។ 17ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អា‌ក្រក់​តែង​ផ្ដល់​ផ្លែ​អា‌ក្រក់។ 18ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ 19 ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។ 20 រីឯ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។
សិស្ស​ដ៏​ពិត​ប្រាកដ
(លូកា ១៣.២៥-២៧)
21«អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ 22នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​អារក្ស​ក្នុង​ព្រះ‌នាម​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែរ”។ 23 ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!”»។
ប្រស្នា​អំពី​មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(លូកា ៦.៤៦-៤៩)
24«អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ 25ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ 26រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ 27ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។
28 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​ប្រៀន‌ប្រដៅ 29ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*​របស់​ពួក​គេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy