YouVersion Logo
Search Icon

ម៉ាថាយ 13

13
ប្រស្នា​អំពី​គ្រាប់​ពូជ
(ម៉ាកុស ៤.១-២០, លូកា ៨.៤-១៥)
1នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។ 2 មាន​មហា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ 3ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖
«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ 4ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ 5មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ 6លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​ជ្រៅ។ 7គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។ 8គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។ 9អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ! »។
10ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ 11ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ 12 អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ 13ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ 14 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖
“អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ
ហើយ​ក៏​ពុំ​យល់​ផង។
អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ
15 ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់
ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។
គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ
មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់
ហើយ​មិន​ចង់​វិល​មក​វិញ​ទេ
ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា”
16 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! 17ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។
18ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ: 19អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។ 20រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ 21ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ 22អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ 23រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។
ប្រស្នា​អំពី​ស្រងែ
24ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ 25ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ 26ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ 27ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ 28ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ 29ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ 30ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។
ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​នំប៉័ង
(ម៉ាកុស ៤.៣០-៣៤, លូកា ១៣.១៨-២១)
31ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ 32គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។
33ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។
34ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ទៅ​កាន់​មហា‌ជន ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ 35 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖
«យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា
យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង
តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក
ឲ្យ​គេ​ដឹង»
ព្រះ‌យេស៊ូ​ពន្យល់​អត្ថ‌ន័យ​ប្រស្នា​អំពី​ស្រងែ
36ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ 37ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​បុត្រ​មនុស្ស* 38ស្រែ​គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ​គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ​គឺ​កូន​ចៅ​របស់​មារ*​កំណាច។ 39សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។ 40គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ 41បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ 42បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ 43រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
ប្រស្នា​ស្ដី​អំពី​កំណប់ និង​អំពី​ពេជ្រ​ដ៏​មាន​តម្លៃ
44«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។
45ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ ល្អៗ។ 46កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស‌លុប​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។
ប្រស្នា​ស្ដី​អំពី​អួន
47«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​ត្រី​គ្រប់​យ៉ាង។ 48ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ 49នៅ​អវសាន‌កាល​នៃ​ពិភព​លោក​ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត 50រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។
51តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បាទ យល់!»។
52ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។
អ្នក​ភូមិ​ណាសា‌រ៉ែត​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ
(ម៉ាកុស ៦.១-៦ លូកា ៤.១៦-៣០)
53កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ 54ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ។ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធា‌នុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា?។ 55អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ​នាង​ម៉ារី បងប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេ​តើ! 56ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។ 57 ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។ 58នៅ​ទី​នោះ ព្រះ‌យេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy