YouVersion Logo
Search Icon

ម៉ាថាយ 11

11
លោក​យ៉ូហាន‌បាទីស្ដ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូ
(លូកា ៧.១៨-៣៥)
1កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន នៅ​តាម​ភូមិ​នានា។
2ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ 3«តើ​លោក​ជា​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ 4ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ 5 គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ 6អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។
7ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? 8តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។ 9បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត 10 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ”11ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
12 តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដ​មក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។ 13តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។ 14 ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។ 15អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!
16តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា: 17“យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។ 18យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល 19រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ»។
ព្រះ‌យេស៊ូ​បន្ទោស​អ្នក​ក្រុង​នានា​ដែល​ពុំ​ព្រម​ជឿ
(លូកា ១០.១៣-១៥)
20ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖
21 «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ ជា​មិន​ខាន។ 22ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
23 អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។ 24 ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។
ព្រះ‌បិតា និង​ព្រះ‌បុត្រា
(លូកា ១០.២១-២២)
25នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះអង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ 26មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។
27 ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រា ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។
វិន័យ​របស់​ព្រះ‌យេស៊ូ
28«អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ 29 ចូរ​យក​នឹម ​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ 30នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy