YouVersion Logo
Search Icon

លូកា 16

16
ប្រស្នា​អំពី​អ្នក​បម្រើ​ប៉ិន​បោក​បញ្ឆោត
1ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «មាន​សេដ្ឋី​មួយ​រូប​បាន​ប្រគល់​មុខងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​លោក។ មាន​គេ​មក​ជម្រាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។ 2សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។ 3អ្នក​បម្រើ​នោះ​រិះគិត​ក្នុង​ចិត្ត​ថា “ចៅហ្វាយ​លែង​ឲ្យ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​លោក​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។ 4អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។ 5គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។ 6កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ​រយ​ប៉ោត”។ អ្នក​បម្រើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហា‌សិប​ប៉ោត”។ 7បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។ 8ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។
សម្បត្តិ​លោកីយ៍ និង​សម្បត្តិ​សួគ៌
9«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 10អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ 11ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍ ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​ដែរ។ 12ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! 13 គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​ឡើយ»។
ក្រឹត្យ‌វិន័យ និង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់
(ម៉ាថាយ ១១.១២-១៣, ៥.៣១-៣២ ម៉ាកុស ១០.១១-១២)
14កាល​ពួក​ខាង​គណៈ‌ផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ 15ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។ 16 គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។ 17 ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យ‌វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច​ក៏​មិន​រលាយ​បាត់​ផង។
18 បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
បុរស​អ្នក​មាន និង​ឡាសារ​ជា​អ្នក​ក្រ
19«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។ 20មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។ 21បុរស​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ 22ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ 23នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​បុរស​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។ 24គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។ 25លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។ 26ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។ 27អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង 28ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។ 29លោក​អប្រាហាំ​ឆ្លើយ​ថា “បងប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។ 30អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត”។ 31ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

Currently Selected:

លូកា 16: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy