YouVersion Logo
Search Icon

យ៉ូហាន 3

3
ព្រះ‌យេស៊ូ​សន្ទនា​ជា​មួយ​លោក​នីកូ‌ដេម
1មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់​ឈ្មោះ នីកូ‌ដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី*។ 2លោក​បាន​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​គ្រូ​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សម្គាល់​ដូច​លោក​គ្រូ​ឡើយ វៀរ‌លែង​តែ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។ 3ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មី ទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។ 4លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។ 5ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ឡើយ។ 6អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន ។ 7ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។ 8ខ្យល់ ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។ 9លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។ 10ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? 11ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។ 12ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។ 13ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស* ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។
14 កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង យ៉ាង​នោះ​ដែរ 15ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ 16ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។ 17ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។ 18អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។ 19ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។ 20អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ 21ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ​ស្រប​តាម​ព្រះ‌ជាម្ចាស់​មែន»។
សក្ខីភាព​របស់​លោក​យ៉ូហាន‌បាទីស្ដ
22បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ ព្រម​ទាំង​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​ផង។ 23រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​ឲ្យ។ 24 កាល​ណោះ​លោក​យ៉ូហាន​មិន​ទាន់​ជាប់​ឃុំ‌ឃាំង​នៅ​ឡើយ​ទេ។
25ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន‌ជាតិ​យូដា​ម្នាក់ ជជែក​គ្នា​អំពី​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។ 26គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក​ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។ 27លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។ 28 អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​ព្រះអង្គ។ 29នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀបការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ត​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ត​ត្រេក‌អរ​ក្រៃ‌លែង ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។ 30ព្រះអង្គ​ត្រូវ​តែ​ចម្រើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់‌ថយ។ 31ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ព្រះអង្គ​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរម‌សុខ​មក ព្រះអង្គ​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ 32ព្រះអង្គ​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ គ្មាន​នរណា​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​ទេ។ 33អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​សម្តែង​សេចក្ដី​ពិត​មែន។ 34ព្រះអង្គ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​យាង​មក ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ព្រះអង្គ​យ៉ាង​បរិបូណ៌។ 35 ព្រះ‌បិតា​ស្រឡាញ់​ព្រះ‌បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បុត្រា។ 36អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy