YouVersion Logo
Search Icon

យ៉ូហាន 13

13
ព្រះ‌យេស៊ូ​លាង​ជើង​ពួក​សិស្ស
1នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ​ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះអង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ 2ពេល​នោះ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សា‌តាំង*​បាន​ធ្វើ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។ 3ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។ 4ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ 5បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ 6ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ 7ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ 8លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ»។ 9លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ 10ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ 11ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។
12 កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឲ្យ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? 13អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ 14បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ 15ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ 16 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ 17ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។ 18 ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”19ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន ។ 20 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។
ព្រះ‌យេស៊ូ​ប្រកាស​អំពី​យូដាស​ក្បត់​ព្រះអង្គ
(មថ ២៦.២០-២៥ មក ១៤.១៧-២១ លក ២២.២១-២៣)
21កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។
22ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ 23សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។ 24លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​ព្រះ‌យេស៊ូ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ 25សិស្ស​នោះ​ក៏​ឱន​ទៅ​ជិត​ព្រះ‌ឱរា​ព្រះ‌យេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​មួយ?»។ 26ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំប៉័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំប៉័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​របស់​លោក​ស៊ីម៉ូន។ 27ពេល​យូដាស​ទទួល​ដុំ​នំប៉័ង​នោះ មារ​សា‌តាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»។ 28ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ។ 29ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះ‌យេស៊ូ​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។ 30យូដាស​ទទួល​យក​ដុំ​នំប៉័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។
បទ‌បញ្ជា​ថ្មី
31លុះ​យូដាស​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។ 32បើ​ព្រះ‌ជាម្ចាស់​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះអង្គ​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះអង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
33 ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន‌ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ឡើយ។ 34 ខ្ញុំ​ឲ្យ​បទ‌បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ 35បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ
(មថ ២៦.៣១-៣៥ មក ១៤.២៧-៣១ លក. ២២.៣១-៣៤)
36លោក​ស៊ីម៉ូន​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​ទេ ថ្ងៃ​ក្រោយ ទើប​អ្នក​ទៅ​បាន»។ 37លោក​ពេត្រុស​ទូល​ព្រះអង្គ​ទៀត​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ព្រះអង្គ»។ 38ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy