YouVersion Logo
Search Icon

យ៉ាកុប 2

2
គ្រិស្ត‌បរិស័ទ​មិន​ត្រូវ​ប្រកាន់​វណ្ណៈ
1បងប្អូន​អើយ បងប្អូន​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។
2ពេល​បងប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ភ្លឺ‌ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ី‌រយ៉ៃ​ចូល​មក​ដែរ 3ប្រសិន​បើ​បងប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ‌ផ្លេក​នោះ ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ‌ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ‌ណេះ!» 4តើ​មិន​បាន​សេចក្ដី​ថា បងប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បងប្អូន ដោយ​រើស​មុខ ហើយ​បងប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?។
5បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ស្ដាប់​ខ្ញុំ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​ព្រះ‌រាជ្យ*​ដែល​ព្រះអង្គ​បាន​សន្យា​ថា​ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះអង្គ ទុក​ជា​មត៌ក។ 6រីឯ​បងប្អូន បងប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បងប្អូន និង​អូស​ទាញ​បងប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស! 7តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បងប្អូន ​ទេ​ឬ!។
8 ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បងប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ 9ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បងប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស 10ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។ 11 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។
12បងប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ក្រឹត្យ‌វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បងប្អូន 13ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ។
ជំនឿ និង​អំពើ​ល្អ
14បងប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? 15ប្រសិន​បើ​បងប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ 16ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? 17រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។
18ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា: អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ 19អ្នក​ជឿ​ថា​ព្រះ‌ជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ 20ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ! 21 លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា។ 22អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ 23 ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 24ដូច្នេះ បងប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ 25 នាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ ឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ 26រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy