YouVersion Logo
Search Icon

លោកុប្បត្តិ 46

46
លោក​យ៉ាកុប​ទៅ​នៅ​ប្រទេស​អេស៊ីប
1លោក​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេបា លោក​បាន​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។
2ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​អ៊ីស្រា‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រា‌អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់!»។ 3ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។ 4យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​ឲ្យ​អ្នក»។
5លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរ‌សេបា។ កូន​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។ 6 គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ លោក​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។ 7លោក​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជ‌ពង្ស​ទាំង​ប៉ុន្មាន​របស់​លោក ទៅ​ស្រុក​អេស៊ីប។
8នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រា‌អែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។
លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។ 9កូន​ប្រុស​របស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។ 10កូន​ប្រុស​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ 11កូន​ប្រុស​របស់​លោក​លេវី​មាន គើរ‌សុន កេហាត់ និង​ម៉្រារី។ 12កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។ 13កូន​ប្រុស​របស់​លោក​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា យ៉ូប និង​ស៊ីម‌រ៉ូន។ 14កូន​ប្រុស​របស់​លោក​សាប់យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។ 15លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។
16កូន​ប្រុស​របស់​លោក​កាដ​មាន សេ‌ផុន ហាក់‌គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។ 17កូន​របស់​លោក​អេ‌ស៊ើរ​មាន យីម‌ណា យីស‌វ៉ា យីសវី និង​បេរា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។ 18លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។
19កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។ 20 នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អាស‌ណាត់ កូន​ស្រី​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។ 21កូន​ប្រុស​របស់​បេន‌យ៉ាមីន​មាន បេឡា បេគើរ អ័ស‌បេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។ 22លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​រ៉ាជែល​បាន​បង្កើត​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​លោក​ស្រី​រ៉ាជែល​មាន​ចំនួន​ទាំង​អស់​ដប់‌បួន​នាក់។ 23កូន​ប្រុស​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។ 24កូន​ប្រុស​របស់​លោក​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ី‌លិម។ 25លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីល‌ហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​នាក់។
26ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។ 27 បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។
លោក​យ៉ាកុប​នៅ​ស្រុក​អេស៊ីប
28លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា​ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន 29លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។ 30លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ 31លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួប‌ជុំ​នឹង​ទូលបង្គំ​ហើយ។ 32ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។ 33កាល​ណា​ព្រះចៅ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា “តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?” 34ត្រូវ​ទូល​ស្ដេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy