YouVersion Logo
Search Icon

លោកុប្បត្តិ 28

28
1លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។ 2ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។ 3សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ! 4 សូម​ព្រះអង្គ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​លោក​អប្រាហាំ កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្មសិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ដល់​លោក​អប្រាហាំ!»។ 5បន្ទាប់​មក លោក​អ៊ីសាក​ឲ្យ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។
6លោក​អេសាវ​ឃើញ​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប និង​ចាត់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម ទាំង​ផ្ដែផ្ដាំ​នៅ​ពេល​ឲ្យ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា 7គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក‌ម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម 8លោក​អេសាវ​យល់​ឃើញ​ថា លោក​អ៊ីសាក ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ។ 9លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ។
សុបិន​និមិត្ត​របស់​លោក​យ៉ាកុប
10លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។ 11ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សម្រាន្ត​លក់​នៅ​ទី​នោះ​ទៅ។ 12 លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។ 13 ពេល​នោះ ព្រះ‌អម្ចាស់​គង់​នៅ​ក្បែរ​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អប្រាហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ 14 ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។ 15ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។
16លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។ 17លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរម‌សុខ!»។ 18លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ ។ 19លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល» ។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។ 20លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់ 21ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។ 22ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់! អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះអង្គ​វិញ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy