Parallel
18
ព្រះ‌ជាម្ចាស់​យាង​មក​ឲ្យ​លោក​អប្រាហាំ​ឃើញ​សា​ជា​ថ្មី នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ
1 ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អប្រាហាំ​ឃើញ នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កម្ដៅ​ហើយ លោក​អប្រាហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក 2 លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី 3ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ 4សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ 5ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំប៉័ង​មួយ​ដុំ​មក​ជូន​លោក​ពិសា ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បម្រើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។
6លោក​អប្រាហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​ឲ្យ​បាន​រួស‌រាន់​ទៅ»។ 7បន្ទាប់​មក លោក​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឲ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់ ធ្វើ​ម្ហូប​ជា​បន្ទាន់។ 8លោក​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​រៀបចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​លោក​ផ្ទាល់​ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។
9បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​លោក​ថា៖ «នាង​សារ៉ា​ភរិយា​របស់​លោក​នៅ​ឯ​ណា?»។ លោក​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯ‌ណោះ»។ 10 ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។ 11លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ 12 គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តំរេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។ 13ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?” 14 តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ 15លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។
លោក​អប្រាហាំ​ទូល‌អង្វរ​ឲ្យ​ក្រុង​សូដុម
16បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អប្រាហាំ​ជូន​ដំណើរ ដើម្បី​លា​គ្នា។ 17ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ចការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អប្រាហាំ​ដឹង​ឬ? 18អប្រាហាំ​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ 19ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។
20 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់‌ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។ 21យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង​ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។
22បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​លោក​អប្រាហាំ​វិញ លោក​ឈរ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ដដែល។ 23លោក​អប្រាហាំ​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ? 24ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហា‌សិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះ‌អង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​គេ ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ? 25ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត​រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ‌ក្រម​នៃ​ផែនដី​ទាំង​មូល​តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។ 26ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហា‌សិប​នាក់​រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។ 27លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់​បែប​នេះ។ 28មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហា‌សិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។ 29លោក​អប្រាហាំ​នៅ​តែ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។ 30លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។ 31លោក​អប្រាហាំ​ទូល​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ​ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។ 32លោក​អប្រាហាំ​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។
33កាល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​អប្រាហាំ​រួច​រាល់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ទៅ រីឯ​លោក​អប្រាហាំ​ក៏​វិល​ទៅ​ជំរំ​លោក​វិញ​ដែរ។