YouVersion Logo
Search Icon

លោកុប្បត្តិ 11

11
ប្រាសាទ​នៅ​ក្រុង​បាបិល
1នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ 2ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណើរ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។ 3គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ 4បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។
5 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទីក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់ 6ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។ 7ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ 8ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ 9ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។
បញ្ជី​រាយ​នាម​បុព្វបុរស​របស់​លោក​អប្រាហាំ
10នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ​រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អើប៉ាក់‌សាឌ។ 11ក្រោយ​កំណើត​អើប៉ាក់‌សាឌ លោក​សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។
12ពេល​លោក​អើប៉ាក់‌សាឌ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។ 13ក្រោយ​កំណើត​សេឡា លោក​អើប៉ាក់‌សាឌ​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14ពេល​លោក​សេឡា​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ើរ។ 15ក្រោយ​កំណើត​ហេប៊ើរ លោក​សេឡា​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
16ពេល​លោក​ហេប៊ើរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ផាលេក។ 17ក្រោយ​កំណើត​ផាលេក លោក​ហេប៊ើរ​រស់​បាន​បួន​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
18ពេល​លោក​ផាលេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេហ៊ូវ។ 19ក្រោយ​កំណើត​រេហ៊ូវ លោក​ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
20ពេល​លោក​រេហ៊ូវ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។ 21ក្រោយ​កំណើត​សេរូក លោក​រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
22ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាឃរ។ 23ក្រោយ​កំណើត​ណាឃរ លោក​សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
24ពេល​លោក​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​ថេរ៉ា។ 25ក្រោយ​កំណើត​ថេរ៉ា លោក​ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
26ពេល​លោក​ថេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។
27នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។ 28លោក​ហារ៉ាន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។ 29លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។ 30នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
31លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។
32លោក​ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy