និក្ខមនំ 25
25
គម្រោងសំណង់ព្រះពន្លា
ព្រះជាម្ចាស់បង្គាប់ឲ្យសង់ព្រះពន្លា
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយ ដែលគេបានញែកទុក មកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។ 3តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន 4ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ 5ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន 6ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត 7ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ* និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។ 8ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។ 9អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក»។
ហិបនៃសម្ពន្ធមេត្រី
10ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ 11ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ត្រូវធ្វើពីមាសដែរ។ 12ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ 13ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 14ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 15ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។ 16ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី* ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។ 17#ហប. ៩.៥ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 18ត្រូវយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង 19ត្រូវដាក់ភ្ជាប់រូបចេរូប៊ីន*ទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ 20ត្រូវដាក់ចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។ 21ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញា ដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគម្របមកគ្រប។ 22យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
តុដាក់នំប៉័ងថ្វាយព្រះជាម្ចាស់
23ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ 24ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ 25នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។ 26ត្រូវធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ 27កងមាសទាំងបួនត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ 28ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ 29ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចានគោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។ 30#លវ. ២៤.៥-៨ត្រូវតម្កល់នំប៉័ងនៅលើតុនោះ ទុកជាតង្វាយអចិន្ត្រៃយ៍នៅចំពោះមុខយើង។
ជើងចង្កៀង
31ត្រូវយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 32មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ 33ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ 34រីឯតួដែលនៅកណ្ដាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ 35មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ 36ស្រទាប់ផ្កាក្រពុំ និងមែក ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ 37ត្រូវធ្វើចង្កៀងប្រាំពីរ យកទៅដាក់លើជើងចង្កៀង ដើម្បីឲ្យពន្លឺជះទៅខាងមុខ។ 38រីឯកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកម្ទេចប្រឆេះ ក៏ត្រូវតែធ្វើពីមាសសុទ្ធដែរ។ 39ត្រូវប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
40 #
កក. ៧.៤៤; ហប. ៨.៥ ចូរសង្កេតមើល ហើយធ្វើតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
Currently Selected:
និក្ខមនំ 25: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.