YouVersion Logo
Search Icon

អេភេសូ 4

4
ការ​រួប‌រួម​របស់​គ្រិស្ត​បរិស័ទ
1ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន ចូរ​រស់​នៅ ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ 2 ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។ 3ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។
4ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ 5ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។ 6ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។
7ព្រះអង្គ​បាន​ផ្ដល់​ព្រះ‌គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រិស្ត​ប្រទាន​មក​យើង។ 8 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា
«ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់
ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ
ហើយ​ព្រះអង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន
ផ្សេងៗ​ដល់​មនុស្ស​លោក»
9ពាក្យ​ថា​“យាង​ឡើង​ទៅ”​នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី​ដ៏​ទាប​នេះ ជា​មុន​សិន។ 10ព្រះអង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះអង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។ 11គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខងារ​ជា​សាវ័ក* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន 12ដើម្បី​រៀបចំ​ប្រជា‌ជន​ដ៏វិសុទ្ធ​ឲ្យ​បំពេញ​មុខងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត​ឡើង 13រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រិស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់ ។ 14ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា​ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។ 15ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ត​ជា​សិរសា 16 គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
17ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បងប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។ 18គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។ 19ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។
20រីឯ​បងប្អូន​វិញ បងប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌គ្រិស្ត​របៀប​នេះ​ទេ។ 21ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន 22 បងប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បងប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ 23ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង 24 ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។
25 ហេតុ​នេះ សូម​បងប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បងប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ 26 ប្រសិន​បើ​បងប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។ 27កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បងប្អូន។ 28អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ 29កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បងប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះ‌ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។ 30កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បងប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។
31សូម​បងប្អូន​កម្ចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បងប្អូន​ទៅ។ 32 ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បងប្អូន ដោយ‌សារ​ព្រះ‌គ្រិស្ត​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy