YouVersion Logo
Search Icon

១ ពេត្រុស 5

5
ភារ‌កិច្ច​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្រុម‌ជំនុំ
1ចំពោះ​ព្រឹទ្ធា‌ចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បងប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ត* និង​ជា​អ្នក​រួម​ទទួល​សិរី‌រុងរឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថា: 2 សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម ​ដែល​ព្រះ‌ជា‌ម្ចាស់​ផ្ញើ​ទុក​នឹង​បងប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។ 3កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​ឲ្យ​បងប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ 4ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បងប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង ដែល​មិន​ចេះ​អាប់​រស្មី។
ភារ‌កិច្ច​របស់​អ្នក​ជឿ
5 រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«ព្រះ‌ជា‌ម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះអង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»
6 ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​បងប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ 7ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បងប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បងប្អូន។
8ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ 9ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។
10បន្ទាប់​ពី​បងប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បងប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ត* ព្រះអង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បងប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ 11សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
អវសាន‌កថា
12 ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បងប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន ជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បងប្អូន និង​បញ្ជាក់​ប្រាប់​បងប្អូន​ថា បងប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់​មែន ។
13 ក្រុម‌ជំនុំ*​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ 14ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល ។
សូម​ឲ្យ​បងប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រិស្ត* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy