YouVersion Logo
Search Icon

Galatians 1

1
1 ខ្ញុំ​ប៉ូល​ ជា​សាវក​ដែល​មិន​មែន​មក​ពី​មនុស្ស​ ឬ​តាមរយៈ​មនុស្ស​ឡើយ​ គឺ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ត​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​
2 ព្រមទាំង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី‍។​
3 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​
4 គឺ​ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​បាប​របស់​យើង​ ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​លោកិយ​ដ៏​អាក្រក់​នា​បច្ចុប្បន្ន​ ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះវរបិតា​របស់​យើង​
5 សូម​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​សិរី​រុងរឿង​រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​
6 ខ្ញុំ​ឆ្ងល់​ណាស់​ ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស​ពី​ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​ព្រះគុណ​របស់​ព្រះគ្រិស្ដ​ដូច្នេះ​ ហើយ​ទៅ​ឯ‍​ដំណឹង​ល្អ​ផ្សេង​ទៀត​
7 ដែល​មិន​មែន​ជា​ដំណឹង​ល្អ​មួយ​ទៀត​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។​
8 ប៉ុន្ដែ​ទោះបី​យើង​ក៏​ដោយ​ ឬ​ទេវតា​មក​ពី​ស្ថានសួគ៌​ក៏​ដោយ​ ឲ្យ​តែ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់គ្នា​ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​
9 ដូច​ដែល​យើង​បាន​ប្រាប់​រួច​មក​ហើយ​ តែ​ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​ម្តង​ទៀត​ថា​ បើ​អ្នកណា​ប្រកាស​ដំណឹង​ល្អ​ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ ចូរ​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ។​
10 ដ្បិត​ឥឡូវ​នេះ​ តើ​ខ្ញុំ​កំពុង​បំពេញ​ចិត្ដ​មនុស្ស​ ឬ​ព្រះជាម្ចាស់?​ តើ​ខ្ញុំ​ខិតខំ​ផ្គាប់​ចិត្ដ​មនុស្ស​ឬ?​ បើ​ខ្ញុំ​នៅ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ នោះ​ខ្ញុំ​មិន​មែន​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ទេ។​
11 បងប្អូន​អើយ!​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ថា​ ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នេះ​មិន​មែន​ស្រប​តាម​មនុស្ស​ទេ​
12 ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ល្អ​ពី​មនុស្ស​ណា​ម្នាក់​ ហើយ​គ្មាន​អ្នកណា​ម្នាក់​បង្រៀន​ខ្ញុំ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គឺ​តាមរយៈ​ការ​បើក​សំដែង​ពី​ព្រះយេស៊ូ​គ្រិស្ដ។​
13 អ្នក​រាល់គ្នា‍​បាន​ឮ​អំពី​កិរិយា​របស់​ខ្ញុំ​ កាល​នៅ​ក្នុង​សាសនា​យូដា​រួច​មក​ហើយ​ គឺ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​ខ្លាំង​បំផុត​ ទាំង​បំផ្លាញ​ក្រុមជំនុំ​ទៀត​ផង។​
14 ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​
15 ប៉ុន្ដែ​ពេល​ព្រះជាម្ចាស់​ដែល​បាន​ញែក​ខ្ញុំ​ទុក​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​ បាន​ត្រាស់​ហៅ​ខ្ញុំ​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​ និង​បាន​សព្វ​ព្រះហឫទ័យ​
16 បើក​សំដែង​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​នោះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ភ្លាម​នោះ​ ខ្ញុំ​មិន​បាន​ប្រឹក្សា​ជាមួយ​មនុស្ស​ណា​ឡើយ​
17 ហើយ​ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួកអ្នក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ​ គឺ​ខ្ញុំ​បាន​ចេញ​ទៅ​ស្រុក​អារ៉ាប់​ ហើយ​ត្រលប់​មក​ឯ​ក្រុង​ដាម៉ាស់​វិញ។​
18 បី​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ស្គាល់​លោក​កេផាស​ ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​
19 ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​
20 សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ មើល៍​ នៅ​ចំពោះ​ព្រះជាម្ចាស់​ ខ្ញុំ​មិន​កុហក​ទេ។​
21 ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​តំបន់​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា‍​
22 តែ​ក្រុមជំនុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ស្រុក​យូដា​មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ​
23 គេ​គ្រាន់តែ​ឮ​ថា​ ម្នាក់​ដែល​បាន​បៀតបៀន​យើង​ពី​មុន​ ឥឡូវ​នេះ​ កំពុង​ប្រកាស​អំពី​ជំនឿ​ដែល​គាត់​បំផ្លាញ​ពី​មុន​នោះ​វិញ​
24 ហើយ​ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​ខ្ញុំ។​

Currently Selected:

Galatians 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy