YouVersion Logo
Search Icon

Matthew 7

7
1 កុំ​ថ្កោលទោស​គេ​ ក្រែង​លោ​អ្នក​រាល់គ្នា​ទទួល​ការ​ថ្កោលទោស​វិញ​
2 ដ្បិត​អ្នក​រាល់គ្នា​ថ្កោលទោស​គេ​យ៉ាង​ណា​ អ្នក​រាល់គ្នា​នឹង​ទទួល​ការ​ថ្កោលទោស​យ៉ាង​នោះ​វិញ​ ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ។​
3 ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​នៅ​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​យ៉ាង​ដូច្នេះ?​
4 បើ​អ្នក​មាន​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ តើ​អ្នក​នឹង​និយាយ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​បងប្អូន​របស់អ្នក​ថា​ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក?​
5 ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​
6 កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​
7 ចូរ​សុំ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ទទួល​ ចូរ​រក​ នោះ​អ្នក​រាល់គ្នា​នឹង​រក​ឃើញ​ ចូរ​គោះ​ នោះ​នឹង​បើក​ឲ្យ​អ្នក​រាល់គ្នា​
8 ដ្បិត​អ្នកណា​សុំ​ នោះ​បាន​ទទួល​ អ្នកណា​រក​ នោះ​បាន​ឃើញ​ ហើយ​អ្នកណា​គោះ​ នោះ​នឹង​បើក​ឲ្យ។​
9 ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​នរណា​ឲ្យ​ដុំ​ថ្ម​ដល់​កូន​ ពេល​កូន​សុំ​នំប៉័ង​
10 ឬ​ឲ្យ​ពស់​វែក​ដល់​កូន​ ពេល​កូន​សុំ​តី្រ​ដែរ​ឬ​ទេ?​
11 ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​តើព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​អំណោយ​ល្អៗ​លើស​នេះ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត។​
12 អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​គ្រប់​ការ​ទាំង​អស់​ចំពោះ​ខ្លួន​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ​ ដ្បិត​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​គម្ពីរ​វិន័យ​ និង​ជា​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល។​
13 ចូរ​ចូល​តាម​ទ្វារ​ចង្អៀត​ ដ្បិត​ទ្វារ​ធំ​ និង​ផ្លូវ​ទូលាយ​នាំទៅ​រក​សេចក្ដី​វិនាស​ ហើយ​មនុស្ស​ជា​ច្រើន​កំពុង​ចូល​តាម​ទ្វារ​នោះ​
14 ឯ​ទ្វារ​ចង្អៀត​ និង​ផ្លូវ​តូចនាំទៅ​រក​ជីវិត​ ហើយ​មាន​មនុស្ស​តិច​ណាស់​រក​ឃើញ។​
15 ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​
16 រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​
17 ដូច្នេះ​ ដើម​ឈើ​ណា​ល្អ​ឲ្យ​ផ្លែ​ល្អ​ ហើយ​ដើម​ឈើ​ណា​មិនល្អ​ក៏​ឲ្យ​ផ្លែ​មិន​ល្អដែរ​
18 ដ្បិត​ដើម​ឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិន​ល្អ​ទេ​ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​
19 ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​
20 ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​
21 មិន​មែន​អ្នក​ទាំងឡាយ​ណា​ ដែល​និយាយ​មក​កាន់​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ នឹង​បាន​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ចូល​បាន​ គឺ​អ្នក​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​វិញ។​
22 នៅ​ថ្ងៃ​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល​ បណ្ដេញ​អារក្ស​ និង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ?​
23 ពេល​នោះ​ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​គេ​វិញ​ថា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ចូរ​ចេញ​ទៅ​ ពួក​ល្មើស​ច្បាប់!​
24 ដូច្នេះ​ អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម​ដា​
25 ពេល​ភ្លៀង​ធ្លាក់​មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ដ្បិត​វា​បាន​ចាក់​គ្រឹះ​នៅ​លើ​ថ្មដា។​
26 អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​មិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់​ ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់​
27 ពេល​ភ្លៀង​ធ្លាក់មក​ ទឹក​ជន់​ឡើង​ ហើយ​ខ្យល់​បក់​ខ្លាំង​ ផ្ទះ​នោះ​ក៏​ដួល​រលំ​ខ្ទេចខ្ទី​អស់»។​
28 កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​
29 ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ដូច​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូវិន័យ​របស់​ពួកគេ​ឡើយ។​

Currently Selected:

Matthew 7: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy