YouVersion Logo
Search Icon

Matthew 23

23
1 បន្ទាប់​មក​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​
2 ថា៖​ «ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ បាន​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ​
3 ដូច្នេះ​ អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​ប្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ និង​កាន់​តាម​ចុះ​ ប៉ុន្ដែ​កុំ​ត្រាប់​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួក​គេ​ឡើយ​ ពី​ព្រោះ​ពួកគេ​បាន​តែ​និយាយ​ ប៉ុន្ដែ​មិន​ធ្វើ​ទេ​
4 ពួកគេ​ចង​បន្ទុក​ដែល​ធ្ងន់​ និង​ពិបាក​ធ្វើ​តាម​ ដាក់​លើ​ស្មា​មនុស្ស​ តែ​ពួកគេ​មិន​ព្រម​យក​ម្រាម​ដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំង​នោះ​ទេ​
5 ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​
6 ពួកគេ​ចូល​ចិត្ត​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​នៅ​ក្នុង​ពិធី​ជប់លៀង​
7 ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​
8 ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​
9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​
10 ហើយ​ក៏​កុំ​ឲ្យ​គេ​ហៅ​ថា​ម្ចាស់​ដែរ​ ដ្បិត​ម្ចាស់​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​ព្រះគ្រិស្ដ​
11 អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នឹង​ត្រលប់​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​
12 ព្រោះ​អ្នកណា​លើក​តម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើក​តម្កើង​វិញ។​
13 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​
14 វេទនា​ដល់​អ្នក​រាល់គ្នា​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ​ ហេតុនេះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ។​
15 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រលប់​ជា​អ្នក​កាន់​សាសនា​ រួច​ពេល​គេ​ត្រលប់​ជា​អ្នក​កាន់​សាសនា​ហើយ​ អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​គេ​ត្រលប់​ជា​អ្នក​ធ្លាក់​នរក​ លើស​អ្នក​រាល់គ្នា​ទ្វេ​ដង​
16 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ស្បថ​នឹង​ព្រះ​វិហារ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​មាស​របស់​ព្រះ​វិហារ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ។​
17 មនុស្ស​កង្វាក់​ល្ងង់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​មាស​ ឬ​ជា​ព្រះ​វិហារ​ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​បរិសុទ្ធ?​
18 ហើយ​ថា​ អ្នកណា​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ សម្បថ​នោះ​គ្មាន​ន័យ​ទេ​ តែ​អ្នកណា​ស្បថ​នឹង​តង្វាយ​លើ​កន្លែង​ថ្វាយ​តង្វាយ​ អ្នក​នោះ​ជាប់​សម្បថ​ហើយ​
19 មនុស្ស​កង្វាក់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​តង្វាយ​ ឬ​កន្លែង​ថ្វាយ​តង្វាយ​ ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​បរិសុទ្ធ?​
20 ដូច្នេះ​ អ្នក​ដែល​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ គឺ​ស្បថ​នឹង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​របស់​ទាំង​អស់​នៅ​លើ​នោះ​ហើយ​
21 ឯ​អ្នក​ដែល​ស្បថ​នឹង​ព្រះ​វិហារ​ គឺ​ស្បថ​នឹង​ព្រះ​វិហារ​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​ក្នុង​នោះ​ហើយ​
22 អ្នកណា​ស្បថ​នឹង​ស្ថានសួគ៌​ គឺ​ស្បថ​នឹង​បល្ល័ង្ក​ព្រះជាម្ចាស់​ ព្រម​ទាំង​ព្រះអង្គ​ដែល​គង់​នៅ​លើ​នោះ​ហើយ។​
23 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​
24 អ្នក​នាំ​ផ្លូវ​កង្វាក់​អើយ!​ អ្នក​រាល់គ្នា​ស្រង់​មូស​ ប៉ុន្ដែ​លេប​អូដ្ឋ​ទៅ​វិញ។​
25 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​
26 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដ៏​កង្វាក់​អើយ!​ ចូរ​សំអាត​ខាង​ក្នុង​ពែង​ជា​មុន​សិន​ នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។​
27 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ដែល​លាប​ពណ៌​ស​ពី​ខាង​ក្រៅ​ មើល​ទៅ​ពិត​ជា​ស្អាត​មែន​ ប៉ុន្ដែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​ និង​ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​
28 ហើយ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ នៅ​ចំពោះ​មុខ​មនុស្ស​មើល​ទៅ​សុចរិត​ពី​ខាង​ក្រៅ​មែន​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​
29 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សង់​ផ្នូរ​របស់​អ្នកនាំ​ព្រះបន្ទូល​ រួច​តុបតែង​ស្ដូប​របស់​ពួក​មនុស្ស​សុចរិត​
30 ហើយ​និយាយ​ថា​ ប្រសិន​បើ​យើង​បាន​នៅ​ជំនាន់​ដូនតា​របស់​យើង​ នោះ​យើង​មិន​រួម​គំនិត​ជាមួយ​ពួក​គាត់​ សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទេ​
31 ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​
32 ចូរ​អ្នក​រាល់គ្នា​សម្រេច​អ្វីៗ​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​ធ្វើ​ចុះ។​
33 ឱ​ពួក​ពូជ​ពស់​វែក​អើយ!​ តើ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​ឲ្យ​ធ្លាក់​នរក​យ៉ាង​ដូច​ម្ដេច​បាន?​
34 ហេតុ​នេះ​ហើយ​ ខ្ញុំ​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ពួក​អ្នក​មាន​ប្រាជ្ញា​ និង​ពួក​គ្រូវិន័យ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​អ្នក​ខ្លះ​ត្រូវ​អ្នក​រាល់គ្នា​សម្លាប់​ និង​ឆ្កាង​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អ្នក​រាល់គ្នា​វាយ​នឹង​ខ្សែតី​នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ព្រម​ទាំង​បៀតបៀន​ពួកគេ​ ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ។​
35 ដូច្នេះ​ ឈាម​របស់​មនុស្ស​សុចរិត​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខ​ជា​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​មិន​ខាន​ ចាប់​ពី​ឈាម​របស់​លោក​អេបិល​ ជា​មនុស្ស​សុចរិត​ រហូត​ដល់​ឈាម​របស់​លោក​សាការី​ ជា​កូន​របស់​លោក​បារ៉ាគា​ ដែល​អ្នក​រាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​ និង​កន្លែង​ថ្វាយ​តង្វាយ។​
36 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ សេចក្ដី​ទាំង​អស់​នេះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ។​
37 ឱ​ក្រុង​យេរូសាឡិម​ ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​អ្នក​នាំ​ព្រះបន្ទូល​ និង​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មានដង​មក​ហើយ​ គឺ​ដូច​ជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែអ្នក​មិន​ចង់​ទេ​
38 មើល៍​ ផ្ទះ​របស់​អ្នក​រាល់គ្នា​ត្រូវ​បាន​ទុក​ចោល​ស្ងាត់​ជ្រងំ​
39 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ រហូត​ទាល់​តែ​អ្នក​រាល់គ្នា​និយាយ​ថា​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។​

Currently Selected:

Matthew 23: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy