YouVersion Logo
Search Icon

John 4

4
1 ដូច្នេះ​ នៅ​ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន​
2 (ទោះបី​ព្រះយេស៊ូ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​ផ្ទាល់​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ)​
3 នោះ​ព្រះអង្គ​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​
4 ហើយ​ព្រះអង្គ​ត្រូវ​យាង​កាត់​ស្រុក​សាម៉ារី។​
5 ព្រះអង្គ​ក៏​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ឈ្មោះ​ស៊ូខារ​នៅ​ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែប​ជា​កូន​របស់​គាត់​
6 ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​
7 មាន​ស្ត្រី​ម្នាក់​មកពី​ស្រុក​សាម៉ារី​បាន​មក​ដង​ទឹក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​សុំ​ទឹក​ផឹក​ផង»។​
8 រីឯ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចេញ​ទៅ​ក្នុង​ក្រុង​អស់​ហើយ​ ដើម្បី​ទិញ​អាហារ។​
9 ស្ត្រី​ជនជាតិ​សាម៉ារី​នោះ​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ជា​ជនជាតិ​យូដា​ ម្តេច​ក៏​លោក​សុំ​ទឹក​ពី​ខ្ញុំ​ ដែល​ជា​ស្ត្រី​ជនជាតិ​សាម៉ារី​ដូច្នេះ?»​ (ដ្បិត​ជនជាតិ​យូដា​ មិន​រាប់​អាន​ជនជាតិ​សាម៉ារី​ទេ)​
10 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​
11 ស្ត្រី​នោះ​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ​ យ​អណ្តូង​ក៏​ជ្រៅ​ ដូច្នេះ​តើ​លោក​បាន​ទឹក​ដែល​ផ្ដល​ជីវិត​នោះ​មកពី​ណា?​
12 លោក​យ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង​ ហើយ​លោក​ផ្ទាល់​ និង​កូនចៅ​ ព្រមទាំង​ហ្វូង​សត្វ​របស់​លោក​ ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ​ ចុះ​លោក​វិញ​ តើ​ធំ​ជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?»​
13 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «អស់​អ្នក​ដែល​ផឹក​ទឹក​នេះ​ គេ​នឹង​ស្រេក​ទៀត​
14 ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ​ គេ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ហើយ​ទឹក​ដែល​ខ្ញុំ​ឲ្យ​នោះ​ នឹង​ត្រលប់​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ​ ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»​
15 ស្រ្ដី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​ទឹក​នោះ​ដល់​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ ឬ​មក​ដង​នៅ​ទី​នេះ​ទៀត»។​
16 ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ចូរ​ទៅ​ហៅ​ប្តី​របស់​អ្នក​មក​ទី​នេះ»​
17 ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ខ្ញុំ​គ្មាន​ប្តី​ទេ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «អ្នក​និយាយ​ថា​ គ្មាន​ប្តី​ នោះ​ត្រូវ​ហើយ​
18 ដ្បិត​អ្នក​មាន​ប្តី​ប្រាំ​នាក់​មក​ហើយ​ រីឯ​បុរស​ដែល​នៅ​ជាមួយ​អ្នក​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ប្តី​របស់​អ្នក​ទេ​ ដូច្នេះ​ពាក្យ​ដែល​អ្នក​និយាយ​នេះ​ ពិត​ប្រាកដ​ហើយ»​
19 ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ ខ្ញុំ​យល់​ថា​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​
20 ពួក​ដូនតា​របស់​យើង​បាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ​ ប៉ុន្ដែ​ពួក​ជនជាតិ​របស់​លោក​និយាយ​ថា​ ត្រូវ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​វិញ»។​
21 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរ​បិតា​នៅ​លើ​ភ្នំ​នេះ​ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ​
22 ពួក​ជនជាតិ​របស់​អ្នក​មិន​ស្គាល់​អ្វី​ដែល​ពួកអ្នក​កំពុង​ថ្វាយបង្គំ​ទេ​ ប៉ុន្ដែ​យើង​ស្គាល់​អ្វី​ដែល​យើង​កំពុង​ថ្វាយបង្គំ​ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​ពី​ជនជាតិ​យូដា​មក​
23 ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ ដែល​ពួកអ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរ​បិតា​ដោយ​វិញ្ញាណ ​និង​សេចក្តី​ពិត​ ដ្បិត​ព្រះ​វរ​បិតា​ស្វែងរក​ពួកអ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​
24 ព្រះជាម្ចាស់​ជា​វិញ្ញាណ​ ដូច្នេះ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះអង្គ​ ត្រូវ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត»។​
25 ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ដឹង​ថា​ ព្រះមែស៊ី​ដែល​ហៅ​ថា​ ព្រះគ្រិស្ត​នឹង​យាង​មក​ ហើយ​នៅ​ពេល​ព្រះអង្គ​យាង​មក​ នោះ​ព្រះអង្គ​នឹង​ប្រាប់​យើង​ឲ្យ​ដឹង​ទាំង​អស់»។​
26 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «គឺ​ខ្ញុំ​ដែល​កំពុង​ប្រាប់​អ្នក​នេះ​ហើយ»។​
27 ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មក​ដល់​ គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដូច្នេះ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា​ ព្រះអង្គ​រក​អ្វី​ ឬ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ជាមួយ​នាង​ទេ។​
28 រីឯ​ស្រ្ដី​នោះ​ក៏​ទុក​ក្អម​ទឹក​ចោល​ រួច​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​មនុស្ស​ទាំងឡាយ​ថា៖​
29 «ចូរ​មក​មើល​បុរស​ម្នាក់​ដែល​ប្រាប់​ខ្ញុំ ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ តើ​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង?»​
30 ពួកគេ​ក៏​ចេញ​ពី​ក្រុង​ទៅ​រក​ព្រះអង្គ‍។​
31 នៅ​ពេល​ជាមួយ​គ្នា​នោះ​ ពួក​សិស្ស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ សូម​អញ្ជើញ​បរិភោគ​អាហារ»​
32 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មាន​អាហារ​សម្រាប់​បរិភោគ​ហើយ​ ជា​អាហារ​ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់»។​
33 ដូច្នេះ​ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖​ «មាន​អ្នកណា​យក​អ្វី​មក​ជូន​លោក​បរិភោគ​ទេ​ដឹង?»​
34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​
35 តើ​អ្នក​រាល់គ្នា​មិន​និយាយ​ទេ​ឬ​ថា​ នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត​ហើយ?​ មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សម្លឹង​មើល​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​
36 អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​
37 ដូច្នេះ​សេចក្ដី​ដែល​ថា​ ម្នាក់​ព្រោះ​ ហើយ​ម្នាក់​ទៀត​ច្រូត​ ពាក្យ​នេះ​ពិត​ណាស់​
38 ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​​ឲ្យ​ទៅ​ច្រូត​ចម្រូត​ ដែល​អ្នក​រាល់គ្នា​មិន​បាន​បញ្ចេញ​កម្លាំង​សោះ​ គឺ​មាន​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​កម្លាំង​ ហើយ​អ្នក​រាល់គ្នា​បាន​ចូល​រួម​នៅ​ក្នុង​ការងារ​របស់​ពួកគេ»។​
39 មាន​ជនជាតិ​សាម៉ារី​ជាច្រើន​នៅ​ក្រុង​នោះ​ បាន​​ជឿ​ព្រះយេស៊ូ​ ដោយសារ​តែ​សំដី​ដែល​ស្រ្ដី​នោះ​ធ្វើ​បន្ទាល់​ថា ​លោក​បាន​ប្រាប់​ខ្ញុំ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ​
40 ដូច្នេះ​ហើយ​ ពេល​ពួក​ជនជាតិ​សាម៉ារី​មក​ជួប​ព្រះអង្គ​ នោះ​ពួកគេ​ទូល​សុំ​ឲ្យ​ព្រះអង្គ​ស្នាក់​នៅ​ជាមួយ​ពួកគេ​ ហើយ​ព្រះអង្គ​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។​
41 មាន​មនុស្ស​ជាច្រើន​ទៀត​បាន​ជឿ​ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​
42 ហើយ​ពួកគេ​និយាយ​ទៅ​ស្រ្តី​នោះ​ថា៖​ «ឥឡូវ​នេះ​ យើង​ជឿ​ មិន​មែន​ដោយសារ​តែ​សំដី​របស់​នាង​ទៀត​ទេ​ គឺ​ដោយ​សារ​យើង​បាន​ឮ​ផ្ទាល់​ ហើយ​ដឹង​ថា​ ព្រះអង្គ​ជា​ព្រះអង្គ​សង្គ្រោះ​មនុស្ស​លោក​ពិត​មែន»។​
43 ពីរ​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទី​នោះ ទៅ​ស្រុក​កាលីឡេ​
44 ដ្បិត​ព្រះយេស៊ូ​ផ្ទាល់​បាន​ធ្វើ​បន្ទាល់​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​គោរព​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ»។​
45 ពេល​ព្រះអង្គ​យាងមក​ដល់​ស្រុក​កាលីឡេ​ នោះ​ពួកអ្នក​ស្រុក​កាលីឡេ​បាន​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេ​បាន​ទៅ​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ។​
46 ក្រោយ​មក​ ព្រះយេស៊ូ​បាន​យាង​មក​ដល់​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត​ ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ទឹក​ឲ្យ​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​ ហើយ​នៅ​ទី​នោះ​មាន​មន្ត្រី​ម្នាក់​ មាន​កូន​ប្រុស​ឈឺ​នៅ​ឯ​ក្រុង​កាពើណិម​
47 ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​
48 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​
49 មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​អញ្ជើញ​ទៅ​មុន​ពេល​កូន​របស់​ខ្ញុំ​ស្លាប់»​
50 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ទៅ​ចុះ​ កូន​របស់​អ្នក​នៅស់​ទេ»​ មន្ដ្រី​នោះ​ក៏​ជឿ​សេចក្ដី​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ ហើយ​គាត់​ក៏​ចេញ​ទៅ។​
51 កាល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់ ​ក៏​មក​ជួប​គាត់​ប្រាប់​ថា​ កូន​របស់​លោក​នៅស់​ទេ​
52 ដូច្នេះ​គាត់​ក៏​សួរ​ពួកគេ​ពី​ពេល​វេលា​ដែល​កូន​របស់​គាត់​បាន​ធូរ​ស្បើយ​ ពួកគេ​ក៏​ប្រាប់​ថា៖​ «ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»​
53 នោះ​ឪពុក​បាន​ដឹង​ថា​ គឺ​នៅ​ពេល​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​មក​គាត់​ថា​ កូន​ប្រុស​របស់​អ្នក​នៅស់​ទេ​ ដូច្នេះ​ហើយ​គាត់​ និង​គ្រួសារ​ទាំង​មូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។​
54 នេះ​ជាទី​សំគាល់​អស្ចារ្យ​ទី​ពីរ​ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ព្រះអង្គ​វិល​ត្រលប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។​

Currently Selected:

John 4: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy