ទំនុកតម្កើង 83
83
ពាក្យអធិស្ឋានសូមឲ្យព្រះទម្លាក់ការជំនុំជម្រះទៅលើសត្រូវរបស់អ៊ីស្រាអែល
ទំនុកជាបទចម្រៀងរបស់អេសាភ។
1ឱព្រះអើយ សូមកុំនៅស្ងៀមឡើយ
ឱព្រះអើយ សូមកុំនៅព្រងើយ ឬនៅស្ងៀមដូច្នេះ!
2ដ្បិតមើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែអ៊ូអែរ
អស់អ្នកដែលស្អប់ព្រះអង្គគេងើបក្បាលហើយ។
3គេប្រឹក្សាគ្នាបង្កើតឧបាយ
ទាស់នឹងប្រជារាស្ត្រព្រះអង្គ
ហើយគិតគូរគ្នាទាស់នឹងអស់អ្នក
ដែលព្រះអង្គការពារ។
4គេពោលថា
«តោ៎ះ យើងនាំគ្នាកម្ចាត់សាសន៍នេះចេញ
កុំឲ្យមានអ្នកណានឹកចាំ
ឈ្មោះអ៊ីស្រាអែលនេះទៀត»។
5ដ្បិតគេបានរួមសមគំនិតគ្នា
គេបានតាំងសញ្ញាទាស់នឹងព្រះអង្គ
6គឺពួកសាសន៍អេដុម សាសន៍អ៊ីសម៉ាអែល
សាសន៍ម៉ូអាប់ និងសាសន៍ហាការេន
7សាសន៍កេបាល សាសន៍អាំម៉ូន
សាសន៍អាម៉ាឡេក សាសន៍ភីលីស្ទីន
និងពួកអ្នកស្រុកទីរ៉ុស
8ឯស្រុកអាសស៊ើរក៏បានចូលរួមជាមួយគេដែរ
សាសន៍ទាំងនោះចូលដៃជាមួយ
ពួកកូនចៅឡុត។ -បង្អង់
9៙ សូមប្រព្រឹត្តចំពោះពួកគេ
ដូចព្រះអង្គបានប្រព្រឹត្តចំពោះសាសន៍ម៉ាឌាន
គឺដូចព្រះអង្គប្រព្រឹត្តចំពោះស៊ីសេរ៉ា និងយ៉ាប៊ីន
នៅស្ទឹងគីសុន
10ជាអ្នកដែលបានវិនាសទៅនៅអេន-ដោរ
ហើយបានត្រឡប់ដូចជាលាមកនៅដី។
11សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ
បានដូចជាអូរិប និងសៀប
សូមឲ្យពួកចៅហ្វាយរបស់គេទាំងអស់
បានដូចជាសេបា និងសាលមូណា
12ជាអ្នកដែលបានពោលថា
«ចូរយើងនាំគ្នាចាប់យកវាលស្មៅរបស់ព្រះ
ទុកជាកេរអាកររបស់យើង»។
13ឱព្រះនៃទូលបង្គំអើយ
សូមធ្វើឲ្យគេបានដូចជាធូលីដីដែលត្រូវខ្យល់
ដូចជាចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
14ដូចភ្លើងដែលឆេះព្រៃ
ឬអណ្ដាតភ្លើងដែលឆាបឆេះភ្នំយ៉ាងណា
15សូមដេញតាមគេដោយខ្យល់គំហុក
របស់ព្រះអង្គ
ហើយធ្វើឲ្យគេញ័ររន្ធត់
ដោយព្យុះសង្ឃរារបស់ព្រះអង្គយ៉ាងនោះដែរ។
16ឱព្រះយេហូវ៉ាអើយ
សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស
ដើម្បីឲ្យគេស្វែងរកព្រះនាមព្រះអង្គ។
17សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតរហូតទៅ
សូមឲ្យគេវិនាសទៅទាំងអាប់យស
18ដើម្បីឲ្យគេបានដឹងថា មានតែព្រះអង្គប៉ុណ្ណោះ
ដែលមានព្រះនាមយេហូវ៉ា
ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
Currently Selected:
ទំនុកតម្កើង 83: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies