ទំនុកតម្កើង 77
77
ការរំឭកឡើងវិញពីការដ៏អស្ចារ្យរបស់ព្រះ
ទំនុករបស់លោកអេសាភ សម្រាប់មេភ្លេង ជូនលោកយេឌូថិន។
1ខ្ញុំបន្លឺសំឡេងស្រែករកព្រះ
គឺស្រែករកព្រះយ៉ាងឮ
ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។
2នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា
ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ
ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។
3ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំស្រែកថ្ងូរ
ពេលខ្ញុំសញ្ជឹងគិត
វិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ
មិនឲ្យដេកលក់
ទូលបង្គំមានចិត្តតានតឹងជាខ្លាំង
រកនិយាយមិនកើត។
5ទូលបង្គំពិចារណាពីសម័យចាស់បុរាណ
ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។
6ទូលបង្គំនឹកឃើញទំនុក
ដែលធ្លាប់ច្រៀងនៅពេលយប់
ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត
ហើយវិញ្ញាណទូលបង្គំ
ក៏ស្វះស្វែងរកចម្លើយ។
7តើព្រះអម្ចាស់បោះបង់ចោលរហូត
ហើយមិនគាប់ព្រះហឫទ័យទៀតទេឬ?
8តើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
លែងមានរហូតហើយឬ?
តើសេចក្ដីសន្យារបស់ព្រះអង្គ
ខកខានរហូតហើយឬ?
9តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ?
តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ
របស់ព្រះអង្គទុក
ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់
10ពេលនោះ ទូលបង្គំគិតថា
«នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ
ដែលយល់ថា ព្រះហស្តស្តាំ
នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។
11៙ ទូលបង្គំនឹងរំឭកពីកិច្ចការ
របស់ព្រះយេហូវ៉ា
អើ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ
ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
12ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ
របស់ព្រះអង្គ
ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ
របស់ព្រះអង្គ។
13ឱព្រះអើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ
តើមានព្រះឯណាដែលធំឧត្តុង្គឧត្តម
ដូចព្រះនៃយើង?
14ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ
ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព
របស់ព្រះអង្គ
នៅកណ្ដាលជាតិសាសន៍នានា។
15ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ
ដោយព្រះពាហុរបស់ព្រះអង្គ
គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។
–បង្អង់
16៙ ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ
គឺកាលសមុទ្របានឃើញព្រះអង្គ
នោះក៏មានសេចក្ដីភិតភ័យ
មែន ទីជម្រៅក៏ញាប់ញ័រដែរ។
17ពពកបានបង្អុលទឹកចេញមក
ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់
ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។
18សូរសៀងផ្គរលាន់របស់ព្រះអង្គ
នៅក្នុងខ្យល់កួច
ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក
ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។
19ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ
ផ្លូវច្រករបស់ព្រះអង្គឆ្លងកាត់មហាសាគរ
តែគ្មានអ្នកណាឃើញដានព្រះបាទ
របស់ព្រះអង្គឡើយ។
20ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ
ដូចជាហ្វូងចៀម
ដោយដៃរបស់លោកម៉ូសេ និងលោកអើរ៉ុន។
Currently Selected:
ទំនុកតម្កើង 77: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies