ទំនុកតម្កើង 103
103
ពាក្យអរព្រះគុណចំពោះព្រះហឫទ័យសប្បុរសរបស់ព្រះ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រលឹងខ្ញុំអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ
ចូរសរសើរតម្កើងព្រះនាម
ដ៏បរិសុទ្ធរបស់ព្រះអង្គ!
2ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
3ដែលព្រះអង្គអត់ទោស
គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង
ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
4ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ
ហើយយកព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យមេត្តាករុណា
បំពាក់ជាមកុដដល់ឯង
5ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង
បានស្កប់ស្កល់ដោយរបស់ល្អ
ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី
ដូចសត្វឥន្ទ្រី។
6៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត
និងយុត្តិធម៌
សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។
7ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ
ស្គាល់ផ្លូវរបស់ព្រះអង្គ
ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ
របស់ព្រះអង្គ។
8ព្រះយេហូវ៉ាប្រកបដោយ
ព្រះហឫទ័យមេត្តាករុណា
និងប្រណីសន្ដោស
ទ្រង់យឺតនឹងខ្ញាល់
ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
9ព្រះអង្គនឹងមិនបន្ទោសជានិច្ច
ក៏មិនប្រកាន់រហូតដែរ។
10ព្រះអង្គមិនប្រព្រឹត្តនឹងយើង
តាមតែអំពើបាបរបស់យើងនោះឡើយ
ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។
11ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ចំពោះអស់អ្នក
ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។
12ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ព្រះអង្គក៏ដកអំពើរំលងរបស់យើង
ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
13ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា
ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក
ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
14ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង
ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
15៙ រីឯមនុស្សវិញ
ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ
គេរីកឡើងដូចជាផ្កានៅទីវាល
16ដ្បិតកាលណាខ្យល់បក់មកប៉ះ
នោះក៏សូន្យបាត់ទៅ
ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។
17តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា
ស្ថិតស្ថេរនៅតាំងពីអស់កល្ប
រហូតដល់អស់កល្ប
ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ
ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ
ក៏នៅរហូតដល់កូនចៅរបស់គេ
18គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា
របស់ព្រះអង្គ
ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ
ដើម្បីប្រតិបត្តិតាម។
19៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក
របស់ព្រះអង្គនៅស្ថានសួគ៌
ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
20ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ឱពួកទេវតារបស់ព្រះអង្គអើយ
អស់លោកជាអ្នកខ្លាំងពូកែ
ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ
ក៏ស្តាប់តាមព្រះសូរសៀង
នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
21អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ
ពួកអ្នកបម្រើរបស់ព្រះអង្គ
អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
22អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ
នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
Currently Selected:
ទំនុកតម្កើង 103: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies